នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈេីអាស៊ានលេីកទី៤៦ (46th AMAF) កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈេីអាស៊ានបូកបីលេីកទី២៤ (24th AMAF Plus Three) និងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈេីអាស៊ាន-ឥណ្ឌាលេីកទី៨ (8th AIMMAF) ដែលកិច្ចប្រជុំនេះធ្វេីឡេីងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
អង្គប្រជុំបានផ្តោតការពិភាក្សាជាសំខាន់ លេីការងារសន្តិសុខស្បៀង កសិកម្ម និងព្រៃឈេីអាស៊ាន ដែលទាមទារឱ្យមានកិច្ចប្រឹងប្រែងរួមគ្នាជាអន្តរជាតិ និងការថ្លែងរបាយការណ៍កម្មវិធីកិច្ចប្រជុំពីសំណាក់រដ្ឋមន្រ្តីកសិកម្មតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានបង្ហាញនូវជំហរគាំទ្រ និងការប្តេជ្ញាចិត្តអនុវត្តផែនការសកម្មភាពការអភិវឌ្ឍវិស័យកសិកម្ម និងព្រៃឈេីរួមគ្នា ព្រមទាំងបណ្តាគម្រោងកម្មវិធីនានាឆ្នាំ២០២៦-២០៣០ ជាមួយបណ្តាសមាជិកក្នុងតំបន់អាស៊ាន ដេីម្បីសន្តិសុខស្បៀង អាហារូបត្ថម្ភ និងនិរន្តរភាពវិស័យកសិកម្មនៃប្រជាជាតិអាស៊ានទាំងមូល៕