នៅវេលាម៉ោង០៣ រសៀល ថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិង អមដំណើរដោយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូ ជួបប្រជុំជាមួយលោក Patrick Yu អគ្គនាយកក្រុមហ៊ុន China National Cereal Oil And Food Stuff Cooperation (COFCO) នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្ដីការធំក្រុមហ៊ុន នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ សូមបញ្ជាក់ថាក្រុមហ៊ុន COFCO៖ • មានដើមទុនជាង ៥៣៧ ៣៦០ លានយ៉េន • ប្រាក់ចំណេញប្រមាណជា ៤៤២ ៦៥០ លានយ៉េន • មានបុគ្គលិកបម្រើការងារសរុបចំនួន ១៤៥ ០០០ នាក់ • បច្ចុប្បន្នក្រុមហ៊ុនបានផ្តោតលើការធ្វើពាណិជ្ជកម្មនាំចេញ នាំចូលផលិតផលកសិកម្ម កែច្នៃផលិតផល ស្រូវអង្ករ ប្រេងឆា ស្រូវសាលី ចំណីអាហារ អចលទ្រព្យ និងទីផ្សារហិរញ្ញវត្ថុ ។ ដោយឡែកចំពោះកម្ពុជា ក្រុមហ៊ុន COFCO បាននិងកំពុងទិញផលិតផលកសិកម្មពីកម្ពុជា និងបោះទុនវិនិយោគ ដូចជា៖ • ទិញអង្ករពីកម្ពុជាជាង ២០០ ពាន់តោននៅឆ្នាំ ២០១៧ • កំពុងអនុវត្តគម្រោងវិនិយោគទុនប្រមាណជាង ២០០លានដុល្លាសាងសង់ហេដ្ឋារចនាសម្ព័ន្ធចិញ្ចឹមត្រី និងឃ្លាំងត្រជាក់ស្តុកត្រីដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ • ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា និងចិនលើវិស័យដំឡូងមីក្រុមហ៊ុនមានបំណងវិនិយោគសាងសង់កំពង់ផែទឹកសាបទ្រង់ទ្រាយធំដែលមានលទ្ធភាពអាចដឹកជញ្ជូនផលិតផលដំឡូងមី និងផលិតផលកសិកម្មផ្សេងៗទៀតមកកាន់ប្រទេសចិនឲ្យបានកាន់តែច្រើន • ក្រុមហ៊ុនក៏ទទួលបានព័ត៌មាន និងឯកសារបច្ចេកទេសយ៉ាងល្អប្រសើរអំពីការដាំដុះ និងកែច្នៃស្ករអំពៅនៅកម្ពុជា ចំពោះលទ្ធផលដែលទទួលបានពីកិច្ចប្រជុំទ្វេភាគីរវាងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា និងក្រុមហ៊ុន COFCO រួមមាន៖ ទី១ ឯកភាពបន្តកិច្ចសហប្រតិបត្តិការយ៉ាងស្និត បំផុតរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុន ទី២ ក្រុមហ៊ុននឹងពិនិត្យ ពិចារណាអំពីលទ្ធភាពនាំចូលផលិត ផលកសិកម្មមួយចំនួនបន្ថែមទៀតដូចជា ម្រេច ដំឡូងមី ស្វាយចន្ទី ផ្លែមាន និងកៅស៊ូ ពីប្រទេសកម្ពុជា ទី៣ ចំពោះវិស័យស្រូវអង្ករកម្ពុជា ក្រុមហ៊ុន និងសហការ ជាមួយក្រសួងកសិកម្មចិនសិក្សាលទ្ធភាពពីការបង្កើននូវកូតានាំចូលមកប្រទេសចិននាពេលអនាគត ទី៤ អំពីការចិញ្ចឹមត្រី និងការកែរឆ្នៃផលិតផលត្រីកម្ពុជាគឺ ក្រុមហ៊ុនរំពឹងថានឹងទទួលបានជោគជ័យ ទី៥ សហការរៀបចំក្រុមការងារជំនាញដើម្បីសិក្សាស៊ីជម្រៅអំពីផលិតផលកសិកម្មកម្ពុជាដើម្បីធ្វើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ កែរច្នៃ និងផ្សារភ្ជាប់ទំនាក់ទំនងឲ្យកាន់ តែល្អប្រសើរក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងជួយលើកស្ទួយវិស័យសេដ្ឋកិច្ចជាតិកម្ពុជា។