នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅសាលប្រជុំ រដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ។
ក្នុងពិធីប្រកាសសមាសភាពនេះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំការសួរសុខទុក្ខពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តនូវគោលនយោបាយបក្សដែលបានដាក់ចេញ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ព្រមទាំងការបង្កើតក្រុមការងារចុះមូលដ្ឋាន ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានថ្នាក់ជាតិចំនួន១២២រូប ដែលក្រុមការងារថ្នាក់ជាតិនេះ មានសមាជិកចុះជួយថ្នាក់ឃុំ សង្កាត់ ក្រុង និងស្រុក សរុបចំនួន ៣.៦៥៩រូប។ តាមរយៈក្រុមការងារដែលបានបែងចែករួចនេះ ឯកឧត្តមរដ្ឋមន្ដ្រីបានណែនាំក្រុមការងារឱ្យរៀបចំសមាសភាពបន្ថែមដើម្បីចុះដល់មូលដ្ឋានភូមិទាំងអស់ទូទាំងខេត្តបន្ទាយមានជ័យ ស្របតាមការចង្អុរបង្ហាញពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ក្រុមការងារចុះមូលដ្ឋានត្រូវសហការគ្នា ធ្វើជាមួយគ្នាឱ្យបានល្អ មានឆន្ទៈ មានការទទួលខុសត្រូវ និងមានភាពម្ចាស់ការ ហើយចាំបាច់ត្រូវចុះដល់មូលដ្ឋានផ្ទះប្រជាពលរដ្ឋ ដើម្បីស្តាប់ពីតម្រូវការ បញ្ហាប្រឈមពិតប្រាកដរបស់ប្រជាពលរដ្ឋដើម្បីរួមគ្នាគិត រួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាពបំផុត ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី ភារកិច្ចរបស់ក្រុមការងារចុះមូលដ្ឋានគឺចុះជួយ តែមិនមែនធ្វើជំនួសនោះទេ ហើយក្រុមការងារក៏មិនសម្រេចជំនួសអង្គភាពជំនាញដែរ។ បន្ទាប់ពីបានអានសេចក្តីសម្រេចស្ដីពីការបង្កើតក្រុមការចុះមូលដ្ឋាន ឯកឧត្តមរដ្ឋមន្ដ្រីបានពន្យល់បញ្ជាក់អំពីតួនាទីភារកិច្ចរបស់ក្រុមការងារចុះមូលដ្ឋានទាំងកម្រិតថ្នាក់ជាតិនិងក្រោមជាតិ របៀបរបបការងារ ព្រមទាំងយន្តការការងារ ដើម្បីឱ្យការអនុវត្តការងារ ទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលពិតប្រាកដ។
សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានសម្រេចចាត់តាំង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលខេត្តបន្ទាយមានជ័យ តាមសេចក្តីសម្រេចលេខ ២០៦សសរ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានសមាសភាពក្រុមការងារចុះមូលដ្ឋានថ្នាក់ជាតិសរុប ១២២រូប។
ជាយន្តការបន្ទាប់ ក្រុមការងារមូលដ្ឋានថ្នាក់ក្រោមជាតិត្រូវបង្កើតលេខាធិការដ្ឋាន ដើម្បីធានាដំណើរប្រព្រឹត្តទៅដោយរលូនរបស់ក្រុមការងារចុះមូលដ្ឋាន ព្រមទាំងសម្រេចចាត់តាំងក្រុមការងារតាមភូមិ ដើម្បីប្រសិទ្ធភាពការងារឆ្លើយតបនឹងតម្រូវការ និងបញ្ហារបស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ៕