ជាបន្ទាប់ នៅរសៀលថ្ងៃដដែលនេះ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ក៏បានអនុញ្ញាតអោយលោក Philippe Steinmetz ប្រធានតំណាងភ្ញាក់ងារបារាំងដើម្បីអភិវឌ្ឍន៍(AFD) ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងរាយការណ៍ពីវឌ្ឍនភាពនៃការងាររៀបចំគម្រោងកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាក់ព័ន្ធដើម្បីជម្រុញការអភិវឌ្ឍវិស័យកសិកម្ម ។
សូមបញ្ជាក់ថា ក្រោយពីបានពិភាក្សាការងារមក ភាគីទាំងពីរ បានឯកភាពគ្នា ក្នុងការកសាងគម្រោងកម្មវិធីថ្មីត្រូវផ្សារភ្ជាប់ការអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីការធ្វើកសិកម្មតាមកិច្ចសន្យា ដោយត្រូវរៀបចំដាក់បញ្ចូលសកម្មភាពមួយចំនួន ដូចជា ការអភិវឌ្ឍកសិកម្ម ការកសាងសមត្ថភាពសហគមន៍កសិកម្មនិងវិស័យឯកជន និងការផ្តល់ឥណទានក្នុងការអភិវឌ្ឍវិស័យកសិកម្ម តាមរយៈធនាគារសាធារណៈមួយ ដើម្បីធ្វើឲ្យសម្រេចគោលបំណងដ៏ធំគឺការនាំចេញកសិផលឲ្យទទួលបានជោគជ័យ ដែលអាចចូលរួមចំណែកលើកស្ទួយកម្រិតជីវភាពរបស់ប្រជាកសិករ និងសេដ្ឋកិច្ចកម្ពុជា ឲ្យក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។