ចាប់ពីថ្ងៃអង្គារ ៥រោច ដល់ថ្ងៃសុក្រ ៨រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ លោក ផាន់ ហួរ អនុប្រធានការិយាល័យគ្រប់គ្រងការកែច្នៃ នៃនាយកដ្ឋានកសិ-ឧស្សាហកម្ម បានចូលរួមសិក្ខាសាលាថ្នាក់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ស្តីពីការអនុវត្តច្បាប់ប្រឆាំងនឹងការក្លែងបន្លំផលិតផលអាហារ និងការក្លែងបន្លំទំនិញកសិកម្ម ដែលប្រព្រឹត្តធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ ដោយមានការអញ្ជើញចូលរួមពីបណ្តាប្រទេសដែលជាសមាជិកអាស៊ាន និងបណ្តាប្រទេសមកពីតំបត់ឥណ្ឌូប៉ាស៊ីហ្វិក។ សិក្ខាសាលានេះមានគោលបំណងរួមមាន៖ (១)ធ្វើបច្ចុប្បន្នភាពច្បាប់ និងបទបញ្ញាត្តិនានា ដែលមានជាធរមានក្នុងការប្រយុទ្ធប្រឆាំងរបាំងពាណិជ្ជកម្ម និងប្រយុទ្ធប្រឆាំងការក្លែងបន្លំផលិតផលអាហារ និងទំនិញកសិកម្មក្លែងក្លាយ និង(២)ធ្វើការចែករំលែក និងពិភាក្សាបទពិសោធន៍នៃការអនុវត្តវិធានការច្បាប់ប្រយុទ្ធប្រឆាំងការក្លែងបន្លំផលិតផលអាហារ និងទំនិញកសិកម្មក្លែងក្លាយនៅលើសកលលោក ក្នុងទិសដៅការពារស្លាកសញ្ញាពាណិជ្ជកម្ម កម្មសិទ្ធិបញ្ញា និងធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់។