នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងសហការី មកពីអគ្គនាយកដ្ឋានកសិកម្ម និងនាយកដ្ឋានកសិ-ឧស្សាហកម្ម បានចូលរួមវេទិកាបូកសរុប និងប្រកាសលទ្ធផលនៃកម្មវិធីអ្នកដឹកនាំសាកលឆ្នាំ២០២៤ ដែលរៀបចំឡើងដោយ Global Institute For Tomorrow សហការជាមួយក្រុមហ៊ុន សោម៉ា គ្រុប ក្រោមប្រធានបទ ការលើកកម្ពស់ផលិតភាពកសិកម្មតាមរយៈបច្ចេកវិទ្យាទំនើប និងឌីជីថលនីយកម្មកសិកម្មនៅកម្ពុជា។
វេទិកាប្រព្រឹត្តទៅក្រោមអធិបតីភាពពី ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសយ៍ និងទូរគមនាគមន៍ ធ្វើឡើងនៅសណ្ឋាគារ Hyath Regency Phnom Penh ដែលវេទិកាមានគោលបំណងដើម្បីពិភាក្សាជួយដល់កសិករក្នុងការបង្កើនទិន្នផល និងមានទីផ្សារល្អប្រកបដោយនិរន្តរភាព លើដំណាំដំឡូងមី ជាករណីសិក្សា។
នាឱកាសនោះ ឯកឧត្តម ឡឹក សុធារ បានថ្លែងដោយលើកឡើងពីគោលនយោបាយអាទិភាពទី ៥ និងទី ៦ សម្រាប់វិស័យកសិកម្មកម្ពុជា និងកម្មវិធីគោលនយោបាយអាទិភាពវិស័យកសិកម្ម ឆ្នំា២០២៤-២០២៨ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយឯកឧត្តមបញ្ជាក់ថា ការផលិតផលិតផលកសិកម្មមួយត្រូវមានគុណភាព និងមានការផ្សារភ្ជាប់ទីផ្សារផលិតផលតាមរយៈយន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា៕