នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមកិច្ចប្រជុំស្តីពី ការត្រៀមរៀបចំដំណើរការចុះធ្វើជំរឿនកសិកម្ម២០២៣ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បន្ទាប់ពីទទួលស្តាប់ ពិភាក្សា និងស្វែងយល់ពីវិធីសាស្ដ្រធ្វើជំរឿនពិសេសការប្រមូលទិន្នន័យ តាមរយៈការធ្វើបទបង្ហាញពីគណៈប្រតិភូក្រសួងផែនការ ដឹកនាំដោយឯកឧត្តម វិន វិរៈ រដ្ឋលេខាធិការប្រចាំការ និងជាប្រធានគណៈកម្មការបច្ចេកទេសជំរឿនកសិកម្មរួច ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់នូវធាតុចូលបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យការធ្វើជំរឿននេះ ដំណើរការដោយរលូននិងទទួលបានទិន្នន័យជាក់លាក់តាមការកំណត់ ដើម្បីជាប្រយោជន៍សម្រាប់ការបង្កើតគោលនយោបាយ និងផែនការយុទ្ធសាស្ត្រនានា។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្មនឹងសហការផ្តល់បញ្ជីអង្គភាពកសិកម្ម ដើម្បីសម្រួលដល់ការប្រមូលទិន្នន័យនៃជំរឿនកសិកម្មនេះ។ លើសពីនេះទៀត ឯកឧត្តម បានលើកទឹកចិត្តនិងណែនាំក្រុមការងារជំរឿនកសិកម្មរបស់ក្រសួងកសិកម្មឱ្យយកចិត្តទុកដាក់ខ្ពស់លើការងារនេះ ហើយត្រូវម្ចាស់ការនិងច្បាស់លាស់ ដោយមិនត្រូវគិតថាគ្រាន់តែជាការជួយ តែជាអ្នកប្រើប្រាស់ទិន្នន័យ និងធានាថាទិន្នន័យសុក្រិតត្រឹមត្រូវ។
សូមជម្រាបជូនថា ការធ្វើជំរឿននៅកម្ពុជាមាន៣ គឺការធ្វើជំរឿនកសិកម្ម ជំរឿនសេដ្ឋកិច្ច និងជំរឿនប្រជាជន។ ការធ្វើជំរឿនកសិកម្មគឺធ្វើរៀងរាល់១០ឆ្នាំម្ដង ដែលបានចាប់ផ្តើមធ្វើកាលពីឆ្នាំ២០១៣កន្លងទៅ ហើយក៏មានការធ្វើអង្កេតកសិកម្មរាល់៥ឆ្នាំម្ដង និងអង្កេតប្រចាំឆ្នាំផងដែរ។ នៅឆ្នាំ២០២៣នេះ ការធ្វើជំរឿនកសិកម្ម គឺនឹងចាប់ផ្តើមពីថ្ងៃទី១ដល់ថ្ងៃទី៣០ខែមេសា។ ការធ្វើជំរឿនកសិកម្ម គឺដឹកនាំដោយក្រសួងផែនការ ដោយមានការសហការជាមួយក្រសួងកសិកម្មពិនិត្យព័ត៌មានទិន្នន័យកសិកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិនិត្យលើថវិកា ព្រមទាំងមានការគាំទ្របច្ចេកទេសធ្វើជំរឿននិងថវិកាដោយអង្គការ FAO៕