នៅរសៀលថ្ងៃទី ២៤ ខែមិនា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម្យ របស់គណប្រតិភូភ្នាក់ងារសហប្រតិបត្តិអន្តរជាតិជប៉ុន (JICA) ដែលដឹកនាំដោយលោក Itsu ADACHI ប្រធានការិយាល័យ JICA ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ លោក Itsu ADACHI បានរៀបរាប់អំពីសកម្មភាព និងគម្រោងដែលបាន និងកំពុងអនុវត្តក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ បានទទួលផ្លែផ្កាគួរជាទីមោទនៈ ដែលក្នុងនោះ JICA នឹងបន្តសហការជួយ វិទ្យាស្ថានស្រាវជ្រាវវារីវប្បកម្មសមុទ្រ។ លោក Itsu ADACHI បានបញ្ជាក់ផងដែរថា ថ្វីត្បិតតែរូបលោក ត្រូវបានបញ្ចប់បេសកកម្មការងារនៅកម្ពុជាមែន តែលោក SUGANO ដែលជាប្រធានការិយាល័យ JICA ថ្មី នឹងបន្តកិច្ចសហប្រតិបត្តិការនេះបន្តទៀត ហើយពិនិត្យលើការចូលរួមរបស់វិស័យឯកជនផងដែរ។ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណចំពោះលោក Itsu ADACHI ដែលបានសហការជាមួយគ្រប់ស្ថាប័ន ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បច្ចុប្បន្ននេះក្រសួងកំពុងមានតម្រូវការជាច្រើនលើកិច្ចសហប្រតិបត្តិការ និងកាអភិវឌ្ឍនានា សំដៅធ្វើយ៉ាងណា ឱ្យសមស្របទៅតាមនិយាម ប្រទេសនានាដែលជាដៃគូរពាណិជ្ជកម្មជាមួយព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានសំណូមពរទៅភាគីជប៉ុនផងដែរ ក្នុងការជួយសហគមន៍កសិកម្មនៅកម្ពុជា ព្រោះជប៉ុនមានការរីកចម្រើនយ៉ាងខ្លាំង ផ្នែកសហគមន៍កសិកម្មនេះ។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំឱ្យភាគីជប៉ុនពិនិត្យ និងពិចារណា លើកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង ជប៉ុន និង កម្ពុជា ក្នុងការផ្លាស់ប្តូរផលិតផលកសិកម្មរវាងប្រទេសទាំងពីរ។