តបតាមការអញ្ជើញរបស់រដ្ឋាភិបាលអូស្រ្តាលី និងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែវិឆ្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូធ្វើទស្សនៈកិច្ចផ្លូវការ នៅប្រទេសអូស្ត្រាលី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសអូស្រ្តាលី ឲ្យកាន់តែរីកចម្រើនថែមទៀតដែលប្រព្រឹត្តទៅចាប់ពិថ្ងៃទី ១៩ ដល់ថ្ងៃទី២៥ វិឆ្ឆិកា ឆ្នាំ២០១៧ ។ យោងតាមកម្មវិធីដែលបានគ្រោងទុកក្នុងការស្នាក់នៅប្រទេសអូស្រ្តាលី ឯកឧត្តមរដ្ឋមន្រ្តី នឹងមានការចូលជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយ៖
1) លោកជំទាវ រដ្ឋមន្រ្តីសហប្រតិបត្តិការអន្តរជាតិ ទទួលបន្ទុកនៅក្នុងតំបន់ប៉ាស៊ីហ្វិក នៅទីក្រុងស៊ិតនី
2) ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នារវាង ក្រុមហ៊ុនកសិកម្ម សូម៉ា (SOMA AGRICULTURE ) និងក្រុមហ៊ុនសាន់រ៉ៃ (SUNRICE COMPANY) នៅទីក្រុងស៊ិតនី
3) រដ្ឋមន្រ្តី/មន្រ្តីជាន់ខ្ពស់ ក្រសួងកសិកម្ម និងធនធានទឹក អូស្រ្តាលី នៅទីក្រុងកង់បេរ៉ា
4) មជ្ឈមណ្ឌលអូស្រ្តាលី សម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ
5) អាជ្ញាធរគ្រប់គ្រងធនធានទឹកនៃអាងម៉ូរីដារលីន (MURRY DARLING BASIN)
6) វិទ្យាស្ថានកសិកម្មយ៉ានកូ និងមជ្ឈមណ្ឌលឧត្តមភាពសម្រាប់និរន្តរភាពស្រូវ នៅញ៉ូសៅវ៉ល (NSW) និងមជ្ឈមណ្ឌលការស្រាវជ្រាវកសិកម្មដ៏ទៃទៀត ។ សូមបញ្ជាក់ថា ក្រសួងការបរទេសនិងពាណិជ្ជកម្ម នៃរដ្ឋាភិបាលអូស្រ្តាលី បានផ្តល់ហិរញ្ញប្បទានឥតសំណងដ៏ច្រើនមកកម្ពុជា លើការអភិវឌ្ឍនិងការស្រាវជ្រាវវិស័យការសិកម្ម អស់រយៈពេលជាង ៣០ ឆ្នាំកន្លងមកហើយ ដែលបានចូលរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការនាំនាវាកម្ពុជាចេញពីភាពខ្វះស្បៀង រហូតដល់កម្ពុជាសល់ស្បៀង ជាស្រូវចំនួនប្រមាណជាង ៥ លានតោន (៣,៦ លានតោនអង្ករ) នៅឆ្នាំ២០១៦ កន្លងទៅ សម្រាប់ធ្វើការនាំចេញ ។