នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណ:កម្មាធិការបញ្ចេញពូជដំណាំ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារពាក់ព័ន្ធដំណាំកៅស៊ូ ដើម្បីពិនិត្យនិងវាយតម្លៃលើសំណើសុំបញ្ចេញប្រភេទក្លូនកៅស៊ូចំនួន ២ប្រភេទ របស់វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា។ កិច្ចប្រជុំនេះធ្វើឡើងនៅនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នៅក្នុងកិច្ចប្រជុំនេះ វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា បានធ្វើបទបង្ហាញពីដំណាំកៅស៊ូ ដែលមានការលូតលាស់ និងទំហំដើមល្អ មានភាពធន់នឹងអាកាសធាតុនិងជំងឺ ព្រមទាំងទទួលបានទិន្នផលខ្ពស់ជាងពូជកំពុងដាំដុះនៅកម្ពុជា និងអាចប្រមូលផលបានចាប់ពី៥ឆ្នាំឡើងទៅ។
ជាលទ្ធផលនៃកិច្ចប្រជុំ គណ:កម្មាធិការបានសម្រេចឯកភាពបញ្ចេញប្រភេទពូជកៅស៊ូទាំង២ ដែលមានឈ្មោះ CRRI12 និង CRRI 19 និងគោរពដាក់ជូន ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យនិងសម្រេច។
គួរបញ្ជាក់ជូនថា ការបង្កើតក្លូនកៅស៊ូថ្មីនេះ បានចាប់ផ្តើមធ្វើកាលពីឆ្នាំ២០១១ និងបានដាំដុះសាកល្បងនៅក្នុងឆ្នាំ២០១២ ហើយបានបន្តតាមដាន វាយតម្លៃពីការលូតលាស់ ជំងឺ និងលក្ខណ:សរីរសាស្រ្តទឹកជ័រ(Latex physiology) មុននឹងដាំដុះនៅចម្ការពិសោធន៍ក្លូនទ្រង់ទ្រាយតូច កាលពីឆ្នាំ២០១៧ ៕