កាលពីវេលាម៉ោង ៤:០០រសៀល ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបលោក LI AN ទីប្រឹក្សាសេដ្ឋកិច្ចអមស្ថានទូតចិន និងសហការីរបស់លោក ដើម្បីពិភាក្សាលទ្ធផលនៃការសិក្សាស្រាវជ្រាវបឋមលើការអនុវត្តគម្រោងសាងសង់មន្ទីរពិសោធន៍ជំងឺសត្វ (Animal Disease Laboratory ) និងពិធីចុះហត្ថលេខាលើកំណត់ហេតុប្រជុំលើការសិក្សាបឋមសម្រាប់គម្រោងផ្តល់ជំនួយចិន និងអាស៊ាន ស្តីពីការសាងសង់មន្ទីរពិសោធន៍ជំងឺសត្វនៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រួមទាំងការបន្តពង្រឹងកិច្ចសហប្រតិបត្តិុការជិតស្និទរវាងប្រទេសទាំងពីលើវិស័យកសិកម្មជាអទិភាព និងការស្តារ និងអភិវឌ្ឍន៍វិស័យទូទៅផ្សេងៗទៀតនៅកម្ពុជា។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានមានមតិស្វាគមន៏ចំពោះលោក LI AN និងសហការី ដែលបានអញ្ជើញមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិភាក្សាពីការអនុវត្តគម្រោង និងពិគ្រោះយោបល់នានាក្នុងវិស័យកសិកម្ម។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ជូនថា កន្លងមកសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់នូវជំនួយតាមរយៈគម្រោងជាច្រើនដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសមានការគាំទ្រខ្ពស់លើវិស័យកសិកម្មនៅកម្ពុជា ហើយសមិទ្ធិផលជាច្រើននេះគឺជាការបង្ហាញឲ្យឃើញពីការទំនាក់ទំនងយ៉ាងជិតស្និទរវាងរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសកម្ពុជា ដែលផ្សារភ្ជាប់ជាមួយយុទ្ធសាស្រ្តការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំងពីរ និងរួមចំណែកក្នុងការអនុវត្តគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់លោក ស៊ី ជិនពីង ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិននាពេលថ្មីៗកន្លងទៅនេះផងដែរ។
លើសពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក លី អាន (Li An) ដែលបានគាំទ្រ និងជំរុញឲ្យបន្តការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ដែលនេះគឺជាការគិតគូរយៈពេលវែង និងមធ្យម ដូចជាការផ្តល់គម្រោងសាងសង់មន្ទីរពិសោធន៍សម្រាប់សុខភាពសត្វ (Animal Disease Laboratory) និងសម្ភារពិសោធន៍មួយចំនួនទៀតជូនមន្ទីរពិសោធន៍នៅសាលាជាតិកសិកម្មព្រែកលៀបដែលបានកំពង់ដំណើរការក្នុងពេលបច្ចុប្បន្ន មិនតែប៉ុណ្ណោះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើទៅភាគីចិន តាមរយៈលោក លី អាន ផ្តល់អ្នកបច្ចេកទេសជាច្រើនលើវិស័យកសិកម្ម ផលិតកម្មសត្វ និងវិស័យផ្សេងៗទៀតដែលអាចជួយដល់ការងារកសិកម្ម នៅអគ្គនាយកដ្ឋានកសិកម្ម និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងទិសដៅអភិវឌ្ឍន៍វិស័យកសិកម្មឲ្យមានភាពប្រសើរឡើង បំពេញបាននូវតម្រូវការទីផ្សារ និងការនាំចេញទៅក្រៅប្រទេសប្រកបដោយប្រសិទ្ធភាពខ្ពស់ រក្សាបានសន្តិសុខស្បៀង និងសុវត្ថភាពស្បៀងជូនប្រជាពលរដ្ឋនាពេលខាងមុខ។
ស្របពេលនោះដែរ លោក លី អាន (Li An) នាមថ្លែងអំណរគុណដល់អង្គភាពពាក់ព័ន្ធគម្រោងនេះ ដែលបានខិតខំ និងសហការយ៉ាងជិតស្និទ ដែលសម្រេចបានការងារសាងសង់មន្ទីរពិសោធន៍ដោយរលូននាពេលខាងមុខ និងក៍បានបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា ការអភិវឌ្ឍវិស័យកសិកម្មដែលមានលក្ខណៈល្អប្រសើរនៅកម្ពុជា គឺចាំបាច់ត្រូវតែធ្វើការពិសោធន៍លើផលិតផលកសិកម្មដែលផលិតបាន ដែលអាចធានាបានគុណភាព និងសុវត្ថភាពស្បៀងអាហារ និងស្វែងរកទីផ្សារនាំចេញផលិតផលកសិកម្មនៅកម្ពុជា ឲ្យ បានទូលំទូលាយ ។
លោកបានបន្ថែមទៀត ថា បន្ទាប់ពីគម្រោងសាងសង់ មន្ទីរពិសោធន៍នេះ គឺស្នើឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (អគ្គនាយកដ្ឋានកសិកម្ម និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ) បន្តសិក្សា ស្រាវជ្រាវ រកគម្រោងថ្មីៗផ្សេងទៀតទាក់ទងទៅនឹងការជំរុញកំណើនផលិតផលកសិកម្ម ការចិញ្ចិមសត្វ និងការងារអភិវឌ្ឍវិស័យកសិកម្មផ្សេងៗជាច្រើនទៀត ដើម្បីដាក់ជូនភាគីចិនសម្រាប់ការផ្តល់ជំនួយបន្ថែមទៀត ដែលទាំងនេះ លោក និងរដ្ឋាភិបាលរបស់លោកនឹងគាំទ្រយ៉ាងមុតមាំលើការផ្តល់ជំនួយសម្រាប់ការស្តារ និងអភិវឌ្ឍន៏វិស័យកសិកម្មនៅកម្ពុជា។ ជាចុងក្រោយ និងមុនពេលពិធីចុះហត្ថលេខាលើការអនុវត្តគម្រោងសាងសង់មន្ទីរពិសោធន៍ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណជាថ្មីម្តងទៀត ដល់រដ្ឋាភិបាល និងប្រជាជនចិន ជាពិសេសលោក ប្រធានាធិបតី ស៊ី ជិនពីង ដែលតែងតែគិតគូ គាំទ្រដល់ប្រទេសកម្ពុជា លើការស្តារ និងអភិវឌ្ឍវិស័យកសិកម្ម និងការស្តារ និងអភិវឌ្ឍន៍លើវិស័យនានានៅក្នុងប្រទេសកម្ពុជា និងបន្តធ្វើកិច្ចសហប្រតិបត្តិការភាពជាដៃគូូអភិវឌ្ឍន៍យ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ។