នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រី នៃសន្និសីទ ថ្នាក់តំបន់របស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) លើកទី៣៧ សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក (APRC37) ដោយមានសមាជិកចូលរួមចំនួនជាង៤០ប្រទេស។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាទៅលើបញ្ហាប្រឈម ទាក់ទងទៅនឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ បរិវត្តកម្មប្រព័ន្ធស្បៀង និងកសិកម្ម ការអភិវឌ្ឍវិស័យកសិកម្ម ការគ្រប់គ្រង ធនធានជលផលប្រកបដោយនិរន្តរភាព ការអភិវឌ្ឍន៍វារីវប្បកម្ម សុខភាពសត្វ និងផលិតកម្មសត្វ (សុខភាពតែមួយ) ភាពធន់ នឹងការប្រែប្រួលអាកាសធាតុនៃប្រព័ន្ធស្បៀង និងពិនិត្យពិភាក្សាលើលទ្ធផលសម្រេចបានកន្លងមកនៅថ្នាក់តំបន់ ការកំណត់ក្របខណ្ឌ យុទ្ធសាស្រ្តជាអាទិភាពកម្មវិធី និងថវិការបស់អង្គការ FAO។
ក្នុងឱកាសនៃកិច្ចប្រជុំថ្ងៃទី១នោះ ឯកឧត្តម ប្រាក់ ដាវីដ បានចូលរួមផ្តល់នូវបទអន្តរាគមន៍ចំនួន៣ចំនុច៖
ប្រធានបទទី១៖ បទអន្តរាគមន៍អំពីស្ថានភាពស្បៀង និងកសិកម្ម ដោយគូសបញ្ជាក់អំពីយុទ្ធសាស្ត្រ សន្តិសុខស្បៀង តាមរយៈការបង្កើនការវិនិយោគលើកសិកម្ម អាហារូបត្ថម្ភ និងពង្រឹងការប្រមូលស្ថិតិអំពីវិធីសាស្រ្តដើម្បី ដោះស្រាយបញ្ហា កង្វះហិរញ្ញវត្ថុនៅកម្ពុជា។
ប្រធានបទទី២៖ បទអន្តរាគមន៍អំពីប្រព័ន្ធស្បៀង និងការពង្រឹងបន្ស៊ាំ និងគូសបញ្ជាក់អំពីសារៈសំខាន់ នៃការបង្កើតសហគមន៍កសិកម្មទំនើប និងគោលនយោបាយកសិកម្ម ADP 2024-2028។
ប្រធានបទទី៣៖ បទអន្តរាគមន៍លើបញ្ហាប្រឈម និងអាទិភាព ក្នុងការធ្វើបរិវត្តកម្មធនធានជលផល និងការអភិវឌ្ឍវារីវប្បកម្ម តំបន់អាស៊ី និងប៉ាស៊ីហ្វិក។ បន្ថែមពីនេះឯកឧត្តម បានសង្កត់ធ្ងន់ទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាព៕