ព្រឹកថ្ងៃច័ន្ទ៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមេសា គ.ស ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រដ្ឋបាលជលផល និងអគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្តីពី “យុទ្ធសាស្រ្តនៃការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ប្រទេសចិន” ជាមួយក្រុមហ៊ុន Hun Ty។ សូមអនុញ្ញាតបញ្ជាក់ជូនថាក្រុមហ៊ុននេះបានដាក់ទុនវិនិយោគជាង ១០លានដុល្លារអាមេរិក ដើម្បីសាងសង់ហេដ្ឋារចនាសម័ន្ធរោងចក្រដូចជាបន្ទប់ក្លាស្សេនិងបង្កកផលិតផល (បន្លែ ផ្លែឈើ ត្រី សាច់) បន្ទប់កែច្នៃ ឃ្លាំងស្តុក អគាររដ្ឋបាលនិងហាងសម្រាប់ជួលនិងលក់ផលិតផលបោះដុំលើផ្ទៃដី៤ហត ស្ថិតនៅក្នុងសង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រុមហ៊ុនក៏បានចុះអនុស្សរណ:នៃការយោគយល់គ្នា (MOU) ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួចហើយផងដែរ។ នាឱកាសនេះលោកនាយកក្រុមហ៊ុនបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី និងអង្គប្រជុំជ្រាបពីកម្មវត្ថុនៃកិច្ចប្រជុំនាពេលនេះគឺដើម្បីសិក្សាពីយន្តការនៃការនាំចេញកសិផលទៅកាន់ប្រទេសចិនក្នុងលក្ខណងាយស្រួល រលូន និងលឿន ធ្វើយ៉ាងណាឆ្លើយតបឲ្យបានសមស្របទៅនឹងសេចក្តីត្រូវការទីផ្សារចិនគឺបរិមាណ គុណភាព សុវត្ថិភាព ពេលវេលា និងតម្លៃ។ នេះគឺជាដើមចមដែលក្រុមហ៊ុន Hun Ty មានបំណងសហការជាមួយ Tain Jin Trade Free Zone។ លោក Wong Yung នាយកក្រុមហ៊ុន Tain Jin Trade Free Zone បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថាប្រទេសកម្ពុជាមានសក្តានុពលលើវិស័យកសិកម្ម និងជាពិសេសបច្ចុប្បន្នប្រទេសចិនកំពុងតែមានបញ្ហាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដូច្នេះនេះជាឱកាសមាសរបស់កម្ពុជាដើម្បីពង្រឹងនិងពង្រីកទីផ្សារកសិផលជាមួយមហាមិត្តចិន។ ឆ្លៀតយកឱកាសនេះក្រុមហ៊ុនមានបំណងធ្វើការវិនិយោគបង្កើតសួនឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម នៅខេត្តព្រះសីហនុដើម្បីប្រមូលទិញកសិផល កែច្នៃ និងនាំចេញដើម្បីបំពេញតម្រូវការទីផ្សារចិនដោយត្រង់ ពិសេសផលិតផលត្រី អង្ករ និងស្វាយ។ល។ លោកសង្ឃឹមនិងជឿជាក់ថាតាមរយៈការដោះដូរផលិតផលកសិកម្មរវាងប្រទេសទាំងពីរនឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការ ចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីដ៏យូលង់រវាងប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹងនិងពង្រីកបានយ៉ាងល្អប្រសើរ។ មានប្រសាសន៍ណែនាំ និងចង្អុលបង្ហាញពីចំណុចសំខាន់ៗដើម្បីឲ្យក្រុមហ៊ុនទាំងពីរធ្វើដំណើរដល់គោលដៅនិងទទួល បានជោគជ័យ ឯកឧត្តមរដ្ឋមន្រ្តីសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកនាយកក្រុមហ៊ុនដែលបានជ្រើសរើសប្រទេសកម្ពុជាធ្វើជាដៃគូវិនិយោគលើវិស័យកសិកម្ម ពិសេសការកែច្នៃកសិផលរួចនាំចេញ ព្រោះនេះជាគន្លឹះមួយយ៉ាងសំខាន់ដែលអាចនាំផលិតផលកសិកម្មទៅកាន់ទីផ្សារចិន សមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការកែច្នៃកសិផលឲ្យអស់លទ្ធភាព។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនភ្ញៀវពីវឌ្ឍនភាពនៃវិស័យកសិកម្មថាពីមុន កម្ពុជាជាប្រទេសផលិតផលិតផលកសិកម្មដើម្បីតែផ្គត់ផ្គង់សន្តិសុខស្បៀងក្នុងប្រទេស ប៉ុន្តែនាពេលបច្ចុប្បន្នកម្ពុជាត្រូវការផលិតដើម្បីធ្វើការកែច្នៃក្នុងស្រុករួចនាំចេញ ហើយការនាំចេញនេះអាចជួយជំរុញកំណើនសេដ្ឋកិច្ចជាតិយ៉ាងល្អប្រសើរ ពិសេសចំណូល ក្នុងគ្រួសារ ការកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក ហើយនេះគឺជាឆន្ទៈដ៏ចាំបាច់របស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជានាយករដ្ឋមន្រ្តី ជាប្រមុខដឹកនាំ ដោយត្រូវធ្វើយ៉ាងណាឲ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ចំពោះផែនការនិងទិសដៅអនាគត ឯកឧត្តមរដ្ឋមន្រ្តី ស្នើសុំឲ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម រដ្ឋបាលជលផល នាយកដ្ឋានកសិឧស្សាហកម្ម និងអគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ ក្នុងការរៀបចំឯកសារច្បាប់និងបច្ចេកទេសធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់ក្រុមហ៊ុនឈានទៅសម្រេចបានលទ្ធផលផ្លែផ្កាជាវិជ្ជមាន។