ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមរបស់ឯកឧត្តម Jagdishwar Goburdhun G.O.S.K ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋម៉ូរីស ប្រចាំព្រះរាជាណាចក្រកម្ពុជា
នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមរបស់ឯកឧត្តម Jagdishwar Goburdhun G.O.S.K ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋម៉ូរីស ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងកូឡាឡាំពួ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីទិសដៅរបស់ក្រសួង ក្នុងការចង់សម្រេចបាននូវសន្តិសុខស្បៀង និរន្តរបរិស្ថាន និងនិរន្តរភាពសេដ្ឋកិច្ចនៅក្នុងវិស័យកសិកម្ម។ លើសពីនេះទៅទៀត ការកែប្រែតាមរយៈកសិកម្មតាមទម្លាប់ មកជាកសិកម្មទំនើប ព្រមទាំងជំរុញ ផលិតផលសរីរាង្គដូចជា ម្រេច ជាដើម។
សូមជម្រាបជូនថា គោលបំណងនៃការប្រជុំនេះ ភាគីនៃប្រទេសម៉ូរីសស្នើសុំបញ្ជូនជូនក្រុមអ្នកជំនាញកម្ពុជា ជួយក្នុងការអភិវឌ្ឍន៏ទៅលើវិស័យកសិកម្មប្រទេសរបស់ខ្លួន និងជួយក្នុងការរៀបចំផែនការ និងអនុវត្តកម្មវិធីកសិកម្មផ្សេងៗ ដែលប្រទេសទាំងពីរអាចពិភាក្សា និងពិនិត្យលទ្ធភាពរួមគ្នា។ បន្ថែមពីនេះកម្ពុជាក៏អាច ផ្តល់ជំនួយផ្នែកបច្ចេកទេស និងបង្កើនសមត្ថភាពក្នុងវិស័យកសិកម្មផងដែរ។