នៅទីស្តីការក្រសួងនារសៀលថ្ងៃអង្គារ ១១រោច ខែផល្គុន នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា គ.ស២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពីការបង្ហាញលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សាកលវិទ្យាល័យភូមិន្ទកសិកម្ម (Royal University of Agriculture, RUA) និង សកលវិទ្យាល័យ Nagoya និង South East Asia Center for Agriculture Study (SEARCA) អំពីវិទ្យាសាស្រ្តដំណាំស្រូវនិងការចញ្ចឹមគោយកទឹកដោះអនុវត្តដោយកម្មវិធី បណ្តុះបណ្តាលថ្នាក់បណ្ឌិតរបស់សាខា សកលវិទ្យាល័យ Nagoya នៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម និងលោកជំទាវរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមថ្នាក់ដឹកនាំក្រសួង Dr. Maria C.N Cuaresma តំណាង អង្គការ SEARCA Mr. Kotaro Tanaka តំណាងអង្គការ JICA Mr. Kenichi Bessho តំណាងស្ថានទូតជប៉ុន និងសាស្រ្តាចារ្យអញ្ជើញមកពីសាកលវិទ្យាល័យទាំង ពីរ។ ជារួមសិក្ខាសាលាមានគោលបំណងបង្ហាញពីសមិទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់និស្សិតថ្នាក់បណ្ឌិតជំទាន់ទី១ និងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យទាំងពីរ និងជាមួយអង្គការ SEARCA។
សាស្រ្តាចារ្យ ង៉ោ ប៉ុនថាន សាកលវិទ្យាធិការ បានឲ្យដឹងថាបានធ្វើកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្សថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាមួយ សកលវិទ្យាល័យ Nagoya តាំងពី២០០០ ហើយនៅឆ្នាំ២០១៤ សកលវិទ្យាល័យ Nagoya បានសម្រេចបង្កើតសាខាមួយនៅសកលវិទ្យាល័យភូមិន្ទកសិកម្ម ក្នុងបំណងដើម្បីបណ្តុះបណ្តាលនិស្សិតថ្នាក់បណ្ឌិតកសិកម្មដល់មន្រ្តីក្រោមឱវាទក្រសួង រហូតមកទល់បច្ចុប្បន្នមាន ៤ជំនាន់ និងមាននិស្សិតចំនួន៧នាក់ដែលបានទទួល អាហារូបករណ៍បន្តការសិក្សាថ្នាក់បណ្ឌិត។
ក្នុងឱកាសនេះសាស្រ្តាចារ្យ Fumio Isoda សាកលវិទ្យាធិការ សកលវិទ្យាល័យ Nagoya បានរាយការណ៍ជូនជ្រាបដោយសង្ខេបពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលនិងអភិវឌ្ឍធន ធានមនុស្សសម្រាប់វិស័យកសិកម្មនារយៈពេលកន្លងមក។ នាឱកាសនេះឯកឧត្តមរដ្ឋមន្រ្តី បានផ្លែងអំណរគុណជូនចំពោះស្ថានទូតជប៉ុន អង្គការ JICA អង្គការ SEARCA និងជាពិសេស Nagoya University ដែលបានជួយគាំទ្រអស់ពីកំលាំងកាយចិត្តទាំងសម្ភារ ថវិកា និងធនធានសាស្រ្តាចារ្យដើម្បីបង្កើតនិងបន្តជំរុញឲ្យសាកលវិទ្យាល័យមួយនេះមានដំណើរការល្អតាំងពីពេលចាប់ផ្តើមរហូតមកទល់បច្ចុប្បន្ន ជាសក្ខីភាព ថ្ងៃនេះមាននិស្សិតថ្នាក់បណ្ឌិតចំនួន០២ រូប គឺបណ្ឌិតងិន ឆាយ និងបណ្ឌិតប៉ុន ចាន់ នឹងធ្វើបទបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវវិទ្យាសាស្រ្តអំពីដំណាំស្រូវនិងគោទឹកដោះ។ នេះគឺជាធនធានមនុស្សដែលពោរពេញដោយចំណេះដឹងនិងបទពិសោធន៍សម្រាប់កសាងនិងអភិវឌ្ឍវិស័យកសិកម្មសមស្របតាមគោនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីការអភិវឌ្ឍធនធានមនុស្សដែលជាគ្រឹះមួយយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេសជាតិទាំងក្នុងពេលបច្ចុប្បន្ននិងអនាគត។ តាមការសិក្សាស្រាវជ្រាវរបស់ក្រសួងបានបង្ហាញថា កំលាំងពលកម្មក្នុងវិស័យកសិកម្មមានការធ្លាក់ចុះជាបន្តបន្ទាប់ ដូច្នេះការបណ្តុះបណ្តាលធនធានមនុស្សដែលពោរពេញដោយសមត្ថភាព ព្រមជាមួយនិងការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ គឺសមស្របទៅនឹងវិបត្តិនៃកង្វះខាតពលកម្មកសិកម្ម ព្រមជាមួយនិងគោលនោបាយរបស់ក្រសួងក្នុងការជំរុញការធ្វើទំនើបកម្មកសិកម្មដើម្បីបង្កើនទិន្នផល និងបង្កើនផលិតភាពផលិតកម្មសំដៅដល់ការកាត់បន្ថយថ្លៃដើមផលិត កាត់បន្ថយកំលាំងពលកម្ម ធានាបានទាំងបរិមាណនិងគុណភាព សនិ្តសុខស្បៀងនិងអាហារូបត្ថម្ភ។