បន្ទាប់ពីកម្មវិធីអន្តរាគមន៍ជួយភ្ជួររាស់ដីជូនកសិករក្រីក្រ ឯកឧត្តមរដ្ឋមន្រ្តី និងសហការរីបាន បន្តដំណើរទៅពិនិត្យ លទ្ធផលនៃការអនុវត្តគម្រោងស្តីពីការជំរុញផលិតកម្មស្បៀងដែលទទួលបានថវិកាពីរាជរដ្ឋាភិបាលកម្ពុជា នៅភូមិជ្រៃ ឃុំស្វាយចចឹប ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ កសិករខៀវ ណាំ បានឲ្យដឹងថាបច្ចុប្បន្ន សហគមន៍ស្វាយចចឹបមានជ័យ កំពុងផលិត ពូជស្រូវសែនក្រអូប និងផ្ការំដួល លក់ជូនអតិថិជន ដែលជាអ្នកផលិតស្រូវចំណីលក់ឲ្យក្រុងហ៊ុន Golden Rice និង APSARA Rice និង រោងម៉ាស៊ីនកិនស្រូវផ្សេងទៀតក្នុងតម្លៃ ១៨០០ រៀលក្នុង១ គីឡូក្រាម និងពូជស្រូវ ២៥០០រៀលក្នុង ១គីឡូក្រាម តាមរយៈការធ្វើកសិកម្មតាមកិច្ចសន្យា។ គម្រោងជំរុញផលិតកម្មស្បៀងក៏បានជួយសង់ឃ្លាំងស្តុកគ្រាប់ពូជ និងលានហាលសម្ងួតជូនសហគមន៍។ នាឱកាសនេះ ឯកឧត្តម ស្នើឲ្យគម្រោងបណ្តុះបណ្តាលបច្ចេកទេសដាំដុះ ជ្រើសរើសពូជសុទ បច្ចេកទេសក្រោយពេលប្រមូលផល និងការវិចខ្ចប់ឲ្យបានត្រឹមត្រូវ ដើម្បីពង្រីកទីផ្សារពូជស្រូវនាពេកអនាគត។ ក្រោយពេលគម្រោងចប់ សហគមន៍គួរសហការជាមួយវិស័យឯកជនដើម្បីបន្តសកម្មភាពផលិត ពូជស្រូវ ហើយប្រែក្លាយពីសហគមន៍កសិកម្ម ទៅជាសហគ្រាសផលិត ពូជស្រូវនាពេលអនាគត។