នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមសិក្ខាសាលាតម្រង់ទិសថ្នាក់ខេត្ត ស្តីពីគម្រោង «ការលើកកម្ពស់ជីវភាពធន់នឹងអាកាសធាតុនៃសហគមន៍ផលិតស្រូវនៅ តំបន់បឹងទន្លេសាប (PCRL)» ដែលរៀបចំឡើង នៅខេត្តសៀមរាប។
នៅក្នុងឱកាសនៃអង្គសិក្ខាសាលានោះ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានពន្យល់ និងណែនាំដល់ក្រុមការងារគម្រោង ឱ្យរៀបចំផែនការសកម្មភាព ដើម្បីចូលរួមសម្រេចបានតាមកម្មវិធីនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងវិស័យកសិកម្ម ជាពិសេសគោលនយោបាយមន្រ្តីកសិកម្មឃុំ និងសហគមន៍កសិកម្មទំនើប ក្នុងការជួយលើកស្ទួយដល់ ជីវភាពកសិករ សន្តិសុខស្បៀង និងនិរន្តរភាពបរិស្ថាន។
ក្រៅពីតំណាងខាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងអង្គសិក្ខាសាលាក៏មានការអញ្ជើញចូលរួមពីតំណាងខាងបរិស្ថាន ក្រុមប្រឹក្សាឃុំគោលដៅខេត្តសៀមរាប ខេត្តកំពង់ធំ អង្គការ FAO និងអង្គការក្រៅរដ្ឋាភិបាលផ្សេងៗ ៕