នារសៀលថ្ងៃសុក្រ ១៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នៅនាយកដ្ឋានកសិ-ឧស្សាហកម្ម បានរៀបចំកិច្ចប្រជុំទ្វេរភាគី រវាងនាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលដឹកនាំដោយ លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋាន ជាមួយក្រុមហ៊ុនមកពីសារធារណៈរដ្ឋកូរ៉េចំនួន៣រួមមាន៖ ក្រុមហ៊ុន Triple ក្រុមហ៊ុន Future Sense និងក្រុមហ៊ុន B&G ក្នុងគោលបំណងពិភាក្សាលើកិច្ចសហការណ៍រួមគ្នាក្នុងការកសាងគម្រោងប្រើប្រាស់បច្ចេកវិទ្យា Blockchain នៅក្នុងការតាមដានប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ និងផលិតផលកសិកម្ម ក្នុងគោលបំណងរក្សាកិត្តិនាមផលិតផល និងកសាងទំនុកចិត្តជូនអ្នកប្រើប្រាស់។
ក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាននៃក្រុមហ៊ុនទាំង០៣របស់សាធារណៈរដ្ឋកូរ៉េដែលបានជ្រើសរើសនាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់កិច្ចសហការណ៍មួយនេះ លោកបានលើកឡើងថានាយកដ្ឋានកសិ-ឧស្សាហកម្ម ជានាយកដ្ឋានជំនាញដែលបាននឹងកំពុងធ្វើការពាក់ព័ន្ធនឹងការគ្រប់គ្រងគុណភាព និងសុវត្ថិភាពម្ហូបអាហារ និងផលិតផលកសិកម្ម ដែលរួមមានការិយាល័យគ្រប់គ្រងការកែច្នៃផលិតផលកសិកម្ម ការិយាល័យកសិ-ពាណិជ្ជកម្ម និងមន្ទីរពិសោធន៍។ នាយកដ្ឋានកសិ-ឧស្សាហកម្ម ពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការកសាងគម្រោងរួមជាមួយក្រុមការងាររបស់វិស័យឯកជនរបស់សារធារណៈរដ្ឋកូរ៉េលើគម្រោងមួយនេះ ក៏ដូចជាកិច្ចសហការនៅថ្ងៃអនាគត។