នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយមានការរៀបចំដោយសម្ព័ន្ធឧស្សាហកម្ម កៅស៊ូវៀតណាម ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដឹងនាំប្រតិភូក្រសួងចុះទស្សនកិច្ចក្រុមហ៊ុនកៅស៊ូ Dau Tieng Rubber Corporation នៅខេត្តបិញដួង ប្រទេសវៀតណាម។ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរដល់ក្រុមហ៊ុនកៅស៊ូ Dau Tieng ថាពឹតជាមានសមត្ថភាពខ្ពស់ក្នុងការដាំដុះ និងរៀបចំបង្កើតឲ្យមានហេដ្ឋារចនាសម្ព័ន្ធនៃសង្វាក់ផលិតកម្មកែច្នៃជ័រកៅស៊ូសម្រាប់ធ្វើការនាំចេញបានយ៉ាងប្រសើរ ដែលក្នុងមួយឆ្នាំៗក្រុមហ៊ុនបានទទួលចំណូលប្រមាណជា១០០លានដុល្លារ ក្នុងនេះគឺបានបង់ប្រាក់ចំណេញចូលថវិការដ្ឋប្រមាណជា ៧ ទៅ១០ លានដុល្លារក្នុងមួយឆ្នាំ ។ សូមបញ្ជាក់ថា ក្រុមហ៊ុនកៅស៊ូ Dau Tieng បានធ្វើការដាំដុះលើផ្ទៃដីប្រមាណជា ២៨ ៥៩៤ ហត និងមានលិទ្ធភាពប្រមូលជ័រកៅស៊ូបានជាង ៣៥ ៣០០ តោននៅក្នុងឆ្នាំ២០១៧នេះ។
ទន្ទឹមនឹងនេះ សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀមណាមបាននិងកំពុងធ្វើការវិនិយោគដាំដុះកៅស៊ូនៅកម្ពុជាបានជាង ៩០ ០០០ ហត ស្ថិតនៅក្នុងខេត្តកំពង់ធំ សៀមរាប ព្រះវិហារ ឧត្តរមានជ័យ ក្រចេះ រតនគីរី និងខេត្តមណ្ឌលគីរី ដែលមកទល់បច្ចុប្បន្ននេះគឺបានចាប់ផ្តើមដំណើរការជៀរជ័រជាបណ្តើរៗលើផ្ទៃដីប្រមាណ ជាង ៤ ០០០ ហត ដែលទទួលកម្មករឲ្យចូលបម្រើការងារប្រមាណជា ១ ៥០០ នាក់ ហើយសង្ឃឹមថានឹងធ្វើការប្រមូលផលលើផ្ទៃដីទាំងមូលនាពេលដ៏ខ្លីខាងមុខ។ ក្នុងឱកាសនេះផងដែរឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឲ្យភាគីវៀតណាមគិតគូរវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធកែច្នៃដើម្បីលើកស្ទួយវិស័យកៅស៊ូកម្ពុជាឲ្យមានចីរភាព។