កាលពីវេលាម៉ោង ៩:០០ព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបលោក SEBASTIEN CAUCHY នាយកគ្រប់គ្រងកិច្ចការធារាសាស្រ្ត និងធនធានទឹកប្រចាំប្រទេសកម្ពុជានៃទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍន៏បារាំង ដើម្បីពិភាក្សាអំពីវឌ្ឍនៈភាពនៃការអនុវត្តគម្រោងកសិកម្ម និងទឹក និងពិនិត្យមើលនូវកត្តាជាអាទិភាពនៃវិស័យកសិកម្មពាក់ព័ន្ធនឹងការគ្រប់គ្រងការប្រើប្រាស់ទឹកឲ្យមានប្រសិទ្ធ ភាព និងការរៀបចំប្រព័ន្ធស្រោចស្រពសម្រាប់វិស័យកសិកម្មពីប្រភពទឹករហូតដល់ទីតាំងប្រើប្រាស់របស់ប្រជាកសិករ ដែលនឹងត្រូវបានអនុវត្តបន្តនៅក្នុងគម្រោង “ Water and Agriculture Sector Project” WASP Phase 2។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានមានមតិស្វាគមន៏ចំពោះលោក Sebastien Cauchy ដែលបានអញ្ជើញមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីរាយការណ៏អំពីវឌ្ឍនៈភាពគម្រោង និងពិគ្រោះយោបល់ក្នុងវិស័យកសិកម្ម។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ជូនពីស្ថានភាពទូទៅនៃវិស័យកសិកម្មនៅកម្ពុជា ក្នុងនោះរួមមានការផ្សារភ្ជាប់គ្នារវាងកសិកម្ម និងទឹក ដែលទាមទារអោយមានការសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីឈានទៅជំរុញកំណើនផលិតកម្មកសិកម្ម និងធានាបានសន្តិសុខស្បៀង និងបង្កើននូវ ប្រាក់ ចំណូលរបស់ប្រជាជន ដែលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបន្ថែមថាបច្ចុប្បន្នកម្ពុជាទាមទារអោយមានផែនការគ្រប់គ្រងទឹកច្បាស់លាស់ ស្របទៅតាមផែនការដាំដុះជាក់លាក់ ដើម្បីជំរុញអោយការប្រើប្រាស់ទឹកមានភាពសន្សំសំចៃ និងតាមបែបទំនើប ព្រោះថាចំនួនកសិករមានការថយចុះជាបន្តបន្ទាប់តាមរយៈការធ្វើចំណាកស្រុក ជាហេតុជះឥទ្ធិពលដល់កំលាំង ពលកម្មក្នុងវិស័យកសិកម្ម ដែលប្រឈមនូវតម្រូវការប្រើប្រាស់ផលិត ផលកសិកម្មកាន់តែកើនឡើង។
លើសពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើឲ្យលោក Sebastien Cauchy គិតគូរអោយបានល្អិតល្អន់អំពីការរៀបចំប្រព័ន្ធចែកចាយទឹកនៅតាមទីតាំងនីមួយៗឲ្យស្របទៅតាមប្រភេទមុខដំណាំជាក់ស្តែងក្នុងតំបន់នីមួយៗ និងត្រូវបង្ហាញដល់កសិករនូវបច្ចេកវិទ្យាទំនើបៗដើម្បីសម្រួលដល់ការដាំដុះ ចំណេញទាំងពេលវេលា និងថវិកា និងបង្កើនប្រាក់ចំណូលជូនកសិករ ជាពិសេសបន្តគាំទ្រការធ្វើកសិកម្មតាមបែបទំនើប និងឆ្លាតវៃ (Promotion of Climate Smart Agriculture) ។
នៅក្នុងជំនួននេះ លោក Sebastien Cauchy បានបញ្ជាក់ថាគម្រោងរបស់លោកកំពុងគិតគូរអំពីការពង្រីកប្រព័ន្ធចែកចាយទឹកអោយបានពេញលេញ និងរៀបចំផែនការគ្រប់គ្រងទឹកនៅតាមទីតាំងនីមួយៗរបស់គម្រោង ដោយបញ្ជូលនូវ បចហចេ្ចកទេសថ្មីៗដែលមានលក្ខណៈសន្សំសំចៃទឹក និងកាត់បន្ថយចំណាយថ្លៃពលកម្ម។ លោកបានបន្តទៀតថា គម្រោងកសិកម្ម និងទឹកនេះ នឹងរៀបចំជាវគ្គបណ្តុះបណ្តាលដល់ប្រជាកសិករ ដើម្បីបញ្រ្ចាបការយល់ដឹងអំពីការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗផងដែរ។
ទន្ទឹមនឹងនេះ ការអញ្ជើញមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ របស់លោកនាពេលនេះក្នុងគោលបំណងស្នើសុំការគាំទ្រគម្រោង និងណែនាំនូវការងារអាទិភាពមួយចំនួនរបស់ក្រសួង និងបន្តជួបពិភាក្សាការងារជាមួយជនបង្គោលដែលជាមន្រ្តីជំនាញរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីបញ្ជូលការងារទាំងនោះទៅក្នុងគម្រោងឲ្យកាន់តែមានប្រសិទ្ធភាពផងដែរ។ លោកក៏សង្ឃឹមថា ទីភា្នក់ងារបារាំងនឹងរៀបចំនូវគម្រោងជំហានទី២បន្តទៀត ដើម្បីជំរុញដល់ការអភិវឌ្ឍន៏វិស័យធារាសាស្រ្ត និងកសិកម្មនៅកម្ពុជាអោយកាន់តែប្រសើរឡើងបន្ថែមទៀត។