នៅថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការ បានទទួលជួបពិភាក្សាការងារជាមួយ លោក Li Tao ជាប្រធានក្រុមហ៊ុន Heilongjang Province Maiku Information Technology Co., Ltd និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនមកពីប្រទេសចិន ដោយបានបង្ហាញអំពីប្រព័ន្ធគ្រប់គ្រងព័ត៌មាន និងទិន្នន័យកសិកម្មតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។
នាឱកាសនៃជំនួបនេះ ក្រុមហ៊ុនបានធ្វើការបង្ហាញពីប្រព័ន្ធមួយដែលក្រុមហ៊ុនបានបង្កើតឡើង ក្នុងគោលដៅគ្រប់គ្រងព័ត៌មាន ទិន្នន័យកសិកម្ម ព្យាករ វិភាគដី ទិន្នផល ឬហានិភ័យដូចជាសត្វល្អិត និងអាកាសធាតុតាមរយៈការប្រើប្រាស់រូបភាព និងទិន្នន័យផ្ការណប ដើម្បីជួយដល់ការអភិវឌ្ឍវិស័យកសិកម្មបែបទំនើប។
បន្ទាប់ពីបានស្តាប់ រួមនិងការបកស្រាយរបស់ក្រុមហ៊ុនពាក់ព័ន្ធប្រព័ន្ធនេះ ឯកឧត្តមអនុរដ្ឋលេខាធិការបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលបានបង្កើតប្រព័ន្ធនេះឡើង និងបានមកចែករំលែកជាបទពិសោធជាមួយក្រសួង។ ឯកឧត្តមបន្ថែមថា ប្រព័ន្ធនេះគឺជាប្រព័ន្ធល្អ ទំនើប និងគ្រប់ជ្រុងជ្រោយដែលអាចគ្រប់គ្រងព័ត៌មានកសិកម្មបានច្រើនតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មី និងរូបភាពផ្កាយរណប។ ឯកឧត្តមសង្ឃឹមថា កិច្ចសហប្រតិបត្តិការលើផ្នែកណាមួយនឹងអាចកើតមានឡើងរវាងក្រសួង និងក្រុមហ៊ុននាថ្ងៃអនាគតដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញការធ្វើបរិវត្តកម្មឌីជីថល៕