នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៤នេះ ដោយបានទទួលការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ឯកឧត្តមបណ្ឌិត មាស ពិសិទ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីនៃអង្គភាពជំនាញ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្មប៉ីហាយ នៃប្រទេសចិន ដែលដឹកនាំដោយលោកស្រី Tan Xiuhong សមាជិក Standing Committee of CPC Beihai Municipal Committee នៅទីស្តីការក្រសួង ។
ក្នុងជំនួបពិភាក្សាការងារនោះ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម បានជម្រាបជូនជាសង្ខេបនូវបច្ចុប្បន្នភាព និងគោលនយោបាយថ្មី នៃវិស័យកសិកម្មនៅកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះរបាំងបច្ចេកទេស (SPS) ក្នុងគោលដៅជំរុញការនាំចេញកសិផលខ្មែរទៅកាន់ទីផ្សារបរទេស។
ចំពោះការងារនេះ លោកស្រី Tan Xiuhong គណៈប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្មប៉ីហាយ នៃប្រទេសចិន បានថ្លែងប្រាប់ភាគីកម្ពុជាអំពីភូមិសាស្ត្រនៃក្រុងប៉ីហាយ ស្ថិតនៅក្នុងខេត្តក្វាងស៊ី ដែលមានកំពង់ផែសមុទ្រ ហើយត្រូវបានចាត់ជាក្រុងបើកចំហជើងមេឃ មានឧស្សហកម្មទំនើប និងសួនឧស្សាហកម្មកម្ពុជា-ចិន ដែលមានហេដ្ឋារចនាសម្ព័ន្ធ រោងចក្រ និងបរិក្ខារទំនើបៗជាច្រើន សម្រាប់សម្រួលដល់ការធ្វើពាណិជ្ជកម្ម ជាមួយប្រទេសនានានៅតំបន់អាស៊ាន រួមទាំងកម្ពុជាផងដែរ។
ដោយអនុវត្តតាមកិច្ចព្រមព្រៀងដ៏ខ្ពង់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំង២ លោកស្រី Tan Xiuhong បានបញ្ជាក់ថា ជំនួបជាមួយថ្នាក់ដឹកនាំក្រសួង ក៏ដូចជាបេសកកម្មនៅកម្ពុជានាពេលនេះ នឹងផ្ដល់ជាពន្លឺដល់ក្រុមការងាររបស់លោកស្រី ដើម្បីសិក្សាកំណត់ទីតាំងដឈានទៅសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន ដែលមានហេដ្ឋារចនាសម្ព័ន្ធ រោងចក្រ និងបរិក្ខារទំនើប ដូចនៅក្រុងប៉ីហាយដែរ។
លោកស្រី Tan Xiuhong បញ្ជាក់ថា សួនឧស្សាហកម្មកម្ពុជា-ចិន នេះ អាចនឹងរួមចំណែកអភិវឌ្ឍ ដោយជួយសម្រួលដល់ការបង្កើនពាណិជ្ជកម្មរវាងប្រទេសទាំង ២ ជាពិសេសការដោះរបាំងបច្ចេកទេស សម្រាប់ទំនិញនាំចេញពីកម្ពុជាទៅចិន និងទៅប្រទេសផ្សេងទៀត ខណៈទំនិញសំខាន់ៗដែលភាគីចិនចង់នាំចេញពីកម្ពុជា ដោយប្រើយន្តការសួនឧស្សាហកម្មនេះ មានដូចជា វត្ថុធាតុដើមសម្រាប់រោងចក្រ ដូចជាកម្ទេចឈើ អង្ករ កៅស៊ូ ផ្លែឈើ ដំឡូងមីស្ងួត ម្សៅដំឡូងមី ព្រមទាំងកសិផលជាច្រើនទៀត ។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ បានជម្រាបជូនលោកស្រី Tan Xiuhong អំពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំក្រសួងកសិកម្ម ក្នុងការសហការរៀបចំឲ្យមានសួនឧស្សាហកម្មនេះ និងសម្តែងនូវការសាទរចំពោះគំនិតផ្តួចផ្តើមដ៏ល្អទាំងឡាយខាងលើ ដែលពិតជាអាចរួមចំណែកអភិវឌ្ឍវិស័យកសិកម្ម និងបង្កើនសេដ្ឋកិច្ចជាតិ ជាពិសេសក្នុងផ្នែកកែច្នៃ វេចខ្ចប់ ទុកដាក់ ដោះរបាំងបច្ចេកទេស (SPS) និងនាំចេញកសិផល៕