នៅវេលាម៉ោង ១០:៣០ នាទីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ មានរៀបចំសិក្ខាសាលា ជំរុញកំណើន និងការប្រកួតប្រជែងនៃសង្វាក់តម្លៃជលផលសមុទ្រ និងពិធីផ្សព្វផ្សាយសមិទ្ធិផលនៃកម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញកម្ពុជា នូវកម្មវិធីជលផលសមុទ្រ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជើញចូលរួមដោយ លោកជំទាវរដ្ឋលេខាធិការតំណាងក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកនាយកអង្គការ UNIDO ប្រចាំនៅកម្ពុជា និងដៃគូពាក់ព័ន្ធ សរុបប្រមាណ ៥០នាក់។ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា វិស័យជលផលដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ច ធានាសន្តិភាពស្បៀង អាហារូបត្ថម្ភ កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៏ជនបទ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានអំពាវនាវដល់អង្គការដៃគូ និងវិស័យឯកជនពាក់ព័ន្ធទាំងអស់ចូលរួមលើកស្ទួយវិស័យជលផល ជាពិសេសលើការពង្រីកការវិនិយោគលើវារីវប្បកម្មទឹកសាប និងសមុទ្រ ភាតរបរិស្ថាន ដែលធានាដល់សុវត្ថិភាព និងគុណភាព ដើម្បីធានាដល់សុខមាលភាពអ្នកបរិភោគ និងឆ្លើយតបទៅនឹងស្តង់ដារគុណភាពទីផ្សារនៃប្រទេសនាំចូល។ លើសពីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានខិតខំស្នើសុំអន្តរាគមន៏ដល់រាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្តដល់អ្នកវិនិយោគទុនលើការកែច្នៃផលិតផលកសិកម្ម អោយមានតម្លៃទាបអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង ដោយឡែកការអនុគ្រោះទាំងនេះនៅមានកម្រិត ព្រោះស្ថានភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រទាំងឡាយនៅមិនទាន់អាចឆ្លើយតបបានទាំងស្រុង ចំពោះការវិនិយោគលើកែច្នៃផលិតផលកសិកម្មបាននៅឡើយ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់អង្គការ UNIDO ដែលបានរៀបចំកម្មវិធីនេះ ហើយឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមថា លទ្ធផលនៃគម្រោងនេះនឹងជួយជំរុញដល់ការអភិវឌ្ឍន៏ផលិតកម្មក្នុងស្រុក និងការប្រកួតប្រជែងសម្រាប់ផលផលិតផលជលផលរបស់កម្ពុជាតាមរយៈការនាំចេញទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែមានភាពប្រសើរឡើង។