ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ទទួលបន្ទុកខេត្តតាកែវ បានអញ្ជើញជាអធិបតី ក្នុងពិធីបើក និងបិទកិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤។
ដើម្បីរួមចំណែកក្នុងការសម្រេចនូវគោលនយោបាយវឌ្ឍនភាពនៃវិស័យកសិកម្ម ឯកឧត្តម តូច ប៊ុនហួរ បានដាក់ចេញ អនុសាសន៍សំខាន់ៗ ដូចជា លើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល ដោយជួយសម្របសម្រួលឱ្យមានកម្មវិធីហិរញ្ញប្បទាន ដែលនឹងសម្រួលដល់ខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម និងធានាតុល្យភាព នៃការផ្គត់ផ្គង់ និងតម្រូវការ និងដើម្បីគាំទ្រដល់ការផលិតរបស់កសិករ ក៏ដូចជាតម្រូវការស្បៀងអាហាររបស់ប្រជាពលរដ្ឋក្នុងខេត្ត, ជំរុញឱ្យមន្ត្រីកសិកម្មឃុំ-សង្កាត់ដែលបានដាក់ពង្រាយរួចជួយដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធ នឹងកង្វះបច្ចេកទេសរបស់កសិករ និងសហគមន៍នៅមូលដ្ឋាន និងជួយតម្រង់ទិសដល់កសិករក្នុងការដាំដុះផលិតផល និងជួយសម្របសម្រួលក្នុងការស្វែងរកទីផ្សារជូនកសិករពេលប្រមូលផល, បង្កើតសហគមន៍កសិកម្មទំនើប ដើម្បីដោះស្រាយបញ្ហាប្រឈម នៅក្នុងផលិតកម្មកសិកម្មប្រកបដោយប្រសិទ្ធភាព និងមានសេដ្ឋកិច្ចមាត្រដ្ឋាន តាមរយៈការប្រមូលផ្តុំការប្រើប្រាស់ដីផលិតកម្មក្នុងទំហំ មួយសមស្របដល់ការប្រើប្រាស់មធ្យោបាយទំនើប កាត់បន្ថយថ្លៃដើមផលិតកម្ម បង្កើនផលិតភាព បង្កើនផលចំណេញ និងបែងចែកផលលាភជូនកសិករប្រកបដោយតម្លាភាពនិងសមធម៌, បន្តលើកកម្ពស់ ការតាមដានចរន្តសត្វ អនាម័យសត្វ និងភូតគាមអនាម័យ ដោយយកចិត្តទុកដាក់ទៅលើយន្តការក្របខណ្ឌគតិយុត្ត និងបច្ចេកវិទ្យា ព្រមទាំងពង្រីក និងពង្រឹងសមត្ថកិច្ចត្រួតពិនិត្យអនាម័យសាច់តាមទីសត្តឃាតដ្ឋាន ដើម្បីសុវត្ថិភាព សុខភាពសាធារណៈ, បន្តពង្រឹងការអភិរក្សធនធានជលផល ជំរុញការអភិវឌ្ឍវារីវប្បកម្ម ដោយលើកទឹកចិត្តកសិករក្នុងការចិញ្ចឹមបង្កង តាមបច្ចេកទេសល្អ និងទស្សនៈវិស័យ ទៅតាមស្ថានភាពជាក់ស្តែង ព្រមទាំងបន្តការងារលែងពូជត្រីក្នុងបឹងធម្មជាតិ ដើម្បីបង្កើនផលស្តុកក្នុងបឹងធម្មជាតិសម្រាប់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ, ពង្រឹងដល់យន្តការការពារ និងទប់ស្កាត់បទល្មើសជលផលគ្រប់ប្រភេទ ក្នុងដែនសមត្ថកិច្ច ការពារជម្រកត្រីពងកូន និងបឹងអភិរក្សត្រីមេពូជ, ជំរុញការដាំនិងស្តារព្រៃឈើឡើងវិញដើម្បីបង្កើនគម្របព្រៃឡើងវិញ ព្រមទាំងពង្រឹងសហគមន៍ព្រៃឈើ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈបង្កើតមុខរបរផ្សេងៗ ដោយមិនត្រូវពឹងពាក់លើផល អនុផលព្រៃឈើឡើយ, ពង្រឹងការទប់ស្កាត់ និងបង្រាបបទល្មើសព្រៃឈើ សត្វព្រៃឱ្យមានប្រសិទ្ធភាពខ្ពស់ ជំរុញបង្កើនបរិមាណបណ្ដុះនិងដាំកូនឈើ និងពង្រឹងការការពារភ្លើងឆេះព្រៃក្នុងកម្រិតខ្ពស់និងទាន់ពេលវេលា។
សម្រាប់ខេត្តតាកែវ ឯកឧត្តម តូច ប៊ុនហ៊ួរ បានជំរុញមន្ទីរឱ្យចូលរួមអនុវត្តទស្សនៈវិស័យដែលផ្តោតលើការផលិតពូជស្រូវ ការចិញ្ចឹមបង្កង និងការចិញ្ចឹមទា នឹងភ្ញាស់ពងទាកូន៕