នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានប្រជុំពិភាក្សាលើការផ្ទេរមុខងារ និងធនធាន(មនុស្ស ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ) ក្នុងវិស័យព្រៃឈើ និងជលផលទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារនៃអនុវិស័យព្រៃឈើ និងជលផលត្រូវពិនិត្យខ្លឹមសារអនុក្រឹត្យឱ្យបានល្អិតល្អន់ និងត្រូវបន្តយកចិត្តទុកដាក់ធ្វើការងារតាមជំនាញ បច្ចេកទេសឱ្យបានត្រឹមត្រូវ ពិសេសការផ្តល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព បន្ទាប់ពីការធ្វើប្រតិភូកម្មទៅថ្នាក់ក្រោមជាតិស្ថិតក្រោមការគ្រប់គ្រងរបស់ខេត្ត។ លើសពីនេះទៀត ត្រូវមានការចូលរួមនិងសហការល្អ ដោយតម្កល់ប្រយោជន៍ជាតិជាធំ មើលបញ្ហាឱ្យចំទិសដៅនិងរួមគ្នាស្វែងរកដំណោះស្រាយឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព តាមរយៈយន្តការត្រួតពិនិត្យ តាមដាន និងវាយតម្លៃច្បាស់លាស់ ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ៕