កាលពីវេលាម៉ោង ៣:៣០នាទីរសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានរៀបចំពិធីប្រគល់-ទទួលម៉ាស៊ីនតេស្ត៍សំណល់ថ្នាំកសិកម្មដោយឆាប់រហ័ស រវាងក្រុមហ៊ុន Guangxi Forword និង អគ្គនាយកដ្ឋានកសិកម្ម ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលវិភាគ និងតេស្ត៍ស្រាវជ្រាវគ័ងស៊ី (Guangxi Center of Analysis Test and Research) បានផ្តល់នូវជំនួយម៉ាស៊ីនតេស្ត៍សំណល់ថ្នាំកសិកម្មដល់អគ្គនាយកដ្ឋានកសិកម្មចំនួន ៦៤គ្រឿង សម្រាប់ប្រើប្រាស់ក្នុងការពង្រឹងសមត្ថភាពគ្រប់គ្រងអនាម័យ និងភូតគាមអនាម័យ ដើម្បីចូលរួមចំណែកលើកកម្ពស់គុណភាព និងសុវត្ថិភាពចំណីអាហារដែលជាផលិតផលកសិកម្មនៅកម្ពុជា។
ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្មបានបញ្ជាក់ផងដែរថា នេះជាលើកទីពីរហើយដែលកម្ពុជាទទួលបានពីក្រុមហ៊ុន Guangxi Forword នៃសាធារណរដ្ឋប្រជាមានិតចិន ហើយឧបករណ៏ទាំងនេះមានសមត្ថភាពត្រួតពិនិត្យរក (១)សារធាតុហាមឃាត់ដូចជា Melamine, Malachite Green, Sudan Red (២)ថ្នាំហាមឃាត់ ដូចជា Clenbuterol, Ractopamine, Salbutamol, Phenylethanolamine A (៣)ពិនិត្យរកជាតិពណ៌ (Pigments) (៤)Food Additives និងសារធាតុអង់ទីប៊ីយ៉ូទិក។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសថាថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលតែងតែរឹតចំណងមិត្តភាពជាមួយកម្ពុជាបានល្អ និងមានភាពស្និទស្នាលបំផុតក្នុងចំណោមបណ្តាប្រទេសជាមិត្តទាំងអស់។
ក្នុងចំណោមប្រទេសដែលកម្ពុជាទទួលបានជំនួយគាំទ្រកន្លងមក គឺមានតែប្រទេសចិនទេដែលមានភាពលេចធ្លោក្នុងការជួយជ្រោមជ្រែងដល់ការអភិវឌ្ឍន៏កម្ពុជា។ ហើយថ្មីៗនេះ តាមរយៈការដាក់ចេញនូវគោលនយោបាយ ខ្សែក្រវាត់មួយ និងវិថីសូត្រមួយ របស់ ឯកឧត្តម Xi Jing Ping ប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាមានិតចិន បានជំរុញអោយទំនាក់ទំនងរវាងកម្ពុជា-ចិន កាន់តែមានភាពរឹងមាំ។
ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា រដ្ឋាភិបាលចិនពិតបានផ្តល់នូវការគាំទ្រហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើនដល់កម្ពុជា ហើយបន្ថែមពីនោះចិនក៏បានជួយគាំទ្រនូវផ្នែកបច្ចេកទេសដល់កម្ពុជាផងដែរ ជាក់ស្តែង ពិធីប្រគល់-ទទួលម៉ាស៊ីនតេស្ត៍សំណល់ថ្នាំកសិកម្មដោយឆាប់រហ័ស នាពេលនេះបង្ហាញនូវស្មារតីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរបស់រដ្ឋាភិបាលចិន ជាមួយកម្ពុជា។
ដោយឡែក ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើដល់ក្រុមហ៊ុន Guangxi Forword ពិនិត្យលើការគាំទ្រក្នុងការដំណើរការមន្ទីរពិសោធន៏នៅសាលាកសិកម្មព្រែកលាប ដើម្បីពង្រឹងសមត្ថភាពមន្រ្តីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអោយមានសមត្ថភាពពេញលេញក្នុងការដំណើរការមន្ទីរពិសោធន៏ប្រកបដោយប្រសិទ្ធភាព និងនិរន្តភាព។