នារសៀលថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ លោកប្រធានមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម បានអនុញ្ញាតឲ្យក្រុមការងារនៃគម្រោងកិច្ចសម្រួលពាណិជ្ជកម្មសម្រាប់ទំនិញកសិកម្មនៅតំបន់អាស៊ាន (FTAG) មកពី អង្គការ GIZ ដើម្បីជួបពិភាក្សាអំពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ក្រុមការងារនៃគម្រោងកិច្ចសម្រួលពាណិជ្ជកម្មសម្រាប់ទំនិញកសិកម្មនៅតំបន់អាស៊ាន(FTAG) បានជម្រាបអំពីការងាររបស់គម្រោងរបស់ខ្លួន ដែលពាក់ព័ន្ធដល់នឹងការងារព័ត៌មានពាណិជ្ជកម្មសម្រាប់ទំនិញផលិតផលកសិកម្ម និងការផ្សាយ/ផ្ទុកព័ត៌មានរបស់អគ្គនាយកដ្ឋានកសិកម្មលើគេហទំព័ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផងដែរ។
ឆ្លើយតបនឹងសំណើរបស់ក្រុមបេសកកម្មលោកប្រធានមជ្ឈមណ្ឌលបានមានប្រសាសន៍រៀបរាប់អំពីប្រវត្តិ តួនាទី និងការងារមួយចំនួនដែលមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្មអនុវត្តជាប្រចាំ និងបានបង្ហាញពីបច្ចេកវិទ្យាព័ត៌មានដែលប្រើប្រាស់បច្ចុប្បន្ននៅក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបានគូសបង្ហាញពីកំណែទម្រង់គេហទំព័រថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលនឹងដាក់ឲ្យដំណើរការជាផ្លូវការក្នុងពេលឆាប់ៗនេះ ដោយមានការភ្ជាប់ទៅកាន់គ្រប់អង្គភាពក្រោមឱវាទ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្តទាំងអស់ ហើយនិងបានរៀបរាប់អំពីបញ្ហាប្រឈមមួយចំនួនក្នុងដំណើរការបង្កើត និងគ្រប់គ្រង់ និងដំណើរការគេហទំព័រនេះ។
នៅចុងបញ្ចប់ ភាគីទាំងពីរបានពិភាក្សាអំពីការលើកសំណើគម្រោង និងលទ្ធភាពទទួលជំនួយឧបត្ថម្ភលើបច្ចេកវិទ្យាព័ត៌មានក្នុងវិស័យកសិកម្ម ដល់មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្មផងដែរ។