រសៀលថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអនុញ្ញាតឲ្យ ឯកឧត្តម Christopher B. Monter ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបពិភាក្សាការងារទាក់ទងទៅនឹង
ទី១.ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ
ទី២.ការត្រៀមរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេបទេសរវាងភាគីទាំងពីរ ដែលនឹងរៀបចំធ្វើនៅថ្ងៃទី០៥-០៦ ខែមិថុនា ឆ្នាំ២០១៨ នៅខេត្តសៀមរាប។ មានប្រសាសន៍នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវកិច្ចស្វាគមន៍ជូនចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការរីដែលបានអញ្ជើញមកនេថ្ងៃនេះ។ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន ដែលកន្លងមកបានជួយគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មដែលប្រទេសទាំងពីរបានចុះអនុស្សរណៈយោគយល់គ្នាកាលពីឆ្នាំ២០១៥ តាមរយៈខ្លឹមសារនៃអនុស្សរណៈនេះបានធ្វើឲ្យសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរឡើង។ នាឱកាសនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានកោតសរសើរពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ដែលក្នុងនោះវិស័យកសិកម្មបានចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសលើវិស័យកសិកម្ម ដោយទទួលបានកិច្ចសហការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានយ៉ាងល្អប្រសើរ។ ទន្ទឹមនិងនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតក្នុងឱកាសបំពេញបេសកកម្មការទួតនៅកម្ពុជា ឯកឧត្តមនឹងខិតខំអស់លទ្ធភាព ធ្វើយ៉ាងណាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនេះឲ្យបាន់តែល្អប្រសើរថែមទៀត។ ឯកឧត្តមបានជម្រាបជូនផងដែរ ថា ថ្មីៗនេះមានក្រុមហ៊ុនកែច្នៃផ្លែស្វាយដ៏ធំមួយរបស់ហ្វីលីពីនបានរៀបចំគម្រោងវិនិយោគសាងសង់រោងចក្រកែច្នៃផលិតផលនេះទៅតាមស្តង់ដារ គុណភាព និងសុវត្ថិភាពនៅកម្ពុជាដើម្បីធ្វើការនាំចេញ។ លទ្ធផលនៃជំនួបនាថ្ងៃនេះ ភាគីទាំងពីរបានឯកភាពគ្នាលើចំណុចសំខាន់ៗមួយចំនួនដូចជា៖ ១-ការផ្លាស់ប្តូរបទពិសោធន៍របស់មន្រ្តីជំនាញតាមរយៈការធ្វើទស្សនកិច្ច ការរៀបចំសិក្ខាសាលា កិច្ចប្រជុំនិងការបណ្តុះបណ្តាល
ទី២-សិក្សាពី លទ្ធភាពនៃការបង្កើនការធ្វើពាណិជ្ជកម្មលើវិស័យកសិកម្មឲ្យកាន់តែល្អប្រសើរ ទី៣-ពិនិត្យពិចារណាផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតដល់មន្រ្តីជំនាញកសិកម្មលើមុខវិជ្ជាក្សេត្រសាស្រ្ត វិទ្យាសាស្រ្តដី និងវិទ្យាសាស្រ្តជលផល។ ជំនួបការទូតត្រូវបានបញ្ចប់ដោយទទួលបានលទ្ធផលជាផ្លែផ្កា សាមគ្គីភាព ភាតរភាព និងសហប្រតិបត្តិការគ្នាខ្ពស់។