នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំបានធ្វើទស្សនកិច្ចបណ្តុំអាជីវកម្មបន្លែ នៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែកណ្តាល ស្រុកចិត្របុរី ខេត្តក្រចេះ។
ក្នុងសកម្មភាពដំបូងនៃការអញ្ជើញចុះពិនិត្យការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រី បានពិនិត្យមើលបន្លែផ្ទះសំណាញ់ សិក្សាពីខ្សែច្រវាក់ផលិតកម្មនិងតម្លៃ និងប្រសិទ្ធភាពសេដ្ឋកិច្ចនៃបណ្តុំអាជីវកម្មបន្លែ។
ក្នុងសកម្មភាពចុះពិនិត្យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់អគ្គនាយកដ្ឋានកសិកម្ម (GDA) ឱ្យធ្វើការសិក្សាអំពីផ្ទះសំណាញ់ ទឹក និងធាតុចូលកសិកម្ម ឱ្យចេញជាស្តង់ដាមួយ ហើយត្រូវណែនាំកសិករប្រើប្រាស់សូឡាបូមទឹកខ្នាតតូច និងការប្រើប្រាស់ភ្លើងសម្រាប់កសិកម្ម ដោយស្នើការជួយសម្រួលពីអាជ្ញាធរខេត្ត ដើម្បីបន្ថយចំណាយក្នុងផលិតកម្ម បង្កើនចំណូល មានប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ច។ ម្យ៉ាងវិញទៀត ពិនិត្យលទ្ធភាព និងយន្តការធ្វើយ៉ាងណា ដើម្បីជួយដល់កសិករដទៃទៀតមានផ្ទះសំណាញ់ ដោយមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសងត្រលប់។
លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យមានការជំរុញបន្លែសុវត្ថិភាព និងការគិតគូរឱ្យមានទីតាំងបោះដុំបន្លែនិងផ្សារបន្លែសម្រាប់ប្រជាជន។ រដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន តែងតែជួយដល់ប្រជាពលរដ្ឋឱ្យមានជីវភាពធូរធារប្រសើរ និងសុខសុវត្ថិភាព។ ដើម្បីសម្រេចការងារនេះ គឺចាំបាច់ត្រូវធ្វើការជាមួយគ្នាឱ្យរឹងមាំ និងមានផែនការផលិតកម្មច្បាស់លាស់ ដើម្បីធានាស្ថិរភាពការផ្គត់ផ្គង់ តម្លៃទីផ្សារល្អ និងបង្កើនប្រាក់ចំណេញ៕