នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទររដ្ឋាភិបាលអាណត្តិថ្មី នីតិកាលទី៧។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការបន្តចូលរួមធ្វើការជាមួយគ្នា ដើម្បីប្រជាជន និងសង្គមជាតិទាំងមូល។ សម្រាប់ឯកឧត្តមរដ្ឋមន្ដ្រី កិច្ចប្រជុំនេះ មានសារៈសំខាន់ណាស់ក្នុងការពិភាក្សា ដើម្បីចាប់ផ្តើមអនុវត្តគោលនយោបាយវិស័យកសិកម្ម ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ចំណុចយុទ្ធសាស្ត្រចំនួន ២ ដែលទាក់ទងនឹងវិស័យកសិកម្ម គឺការដាក់ចេញនូវយន្តការសម្របសម្រួលនិងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ និងទី២ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេសនិងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី ប្រការចាំបាច់គឺត្រូវក្តាប់ស្ថានភាពកសិកម្មឱ្យបានច្បាស់លាស់តាមជំហាននៃគោលនយោបាយ ដោយត្រូវមានភាពម្ចាស់ការនិងលទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រង ដើម្បីធានាឱ្យបាននូវសន្តិសុខស្បៀង និងរក្សាស្ថិរភាពតម្លៃនៅទូទាំងប្រទេស។
អាទិភាពសំខាន់មួយទៀត គឺការអនុវត្តយុទ្ធសាស្ត្រកាត់បន្ថយថ្លៃដើម កាត់បន្ថយការចំណាយផ្សេងៗ ដើម្បីជួយឱ្យកសិករទទួលបានផលចំណេញ មានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច ក្នុងការចូលរួមជំរុញសេដ្ឋកិច្ចប្រទេសកម្ពុជា ឱ្យក្លាយប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។ លើសពីនេះទៀត ត្រូវមានយុទ្ធសាស្ត្រពាណិជ្ជកម្មច្បាស់លាស់ដើម្បីចូលរួមគាំទ្រសមាគមកសិករឱ្យមានភាពម្ចាស់ការរឹងមាំ និងសហប្រតិបត្តិការល្អ ដើម្បីពាណិជ្ជូបនីយកម្ម។
ដោយឡែកការការពារធនធានធម្មជាតិ ក៏ជាការងារចាំបាច់ដែលត្រូវយកចិត្តទុកដាក់ការពារឱ្យបានល្អបំផុត ទាំងអនុវិស័យជលផល ព្រៃឈើ ដីសម្បទាន និងសត្វព្រៃ ព្រមទាំងសត្វផ្សោតដែលជារតនសម្បត្តិជាតិ ដើម្បីនិរន្តរភាពបរិស្ថាន និងទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ៕