នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយមន្រ្តីជំនាញរដ្ឋបាលជលផល បានអញ្ជើញចូលរួមកម្មវិធី «យុទ្ធនាការពារភពផែនដីយើង» ដែលរៀបចំដោយសហភាពអឺរ៉ុប នៅតំបន់រ៉ាមសារព្រែកទាល់ ខេត្តបាត់ដំបង។
សូមជម្រាបថា យុទ្ធនាការការពារភពផែនដីយើង នៅតំបន់រ៉ាមសារ ព្រែកទាល់ ខេត្តបាត់ដំបង ប្រារព្ធធ្វើក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួមពីឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងសាធារណៈរដ្ឋអាឡឺម៉ង់ អភិបាលរងខេត្តសៀមរាប ខេត្តបាត់ដំបង និងអ្នកសារព័ត៌មានជាច្រើនរូប។
ក្នុងបេសកកម្មនេះ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម បានចូលរួមកម្មវិធីដាំកូនឈឺព្រៃលិចទឹក ទស្សនាសំបុកសត្វ និងចូលរួមស្តាប់ពីសកម្មភាពអភិរក្សធនធានធានធម្មជាតិ និងការចូលរួមរបស់សហគមន៍នេសាទ ក្នុងសកម្មភាពគ្រប់គ្រងដែនសហគមន៍នេសាទ ការទប់ស្កាត់ភ្លើងឆេះព្រៃលិចទឹក ការស្តារព្រៃលិចទឹក និងការកែឆ្នៃផលនេសាទប្រកបដោយគុណភាព។
ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប និងអាឡីម៉ង់ ដែលបានជួយគាំទ្រសកម្មភាពគ្រប់គ្រងធនធានជលផលកន្លងមក និងស្នើដល់មន្រ្តីពាក់ព័ន្ធ និងសហគមន៍នេសាទខិតខំបន្តទៀតក្នុងសកម្មភាពគ្រប់គ្រង ការពារ និងអភិរក្សជលផល៕