នៅព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអនុញ្ញាតឲ្យលោក Dr. John Weaver ប្រធាន ក្រុមបេសកកម្មនៃអង្គការសុខភាពសត្វពិភពលោក (OIE) និងសហការី (១- Dr. Ronello Abila. តំណាង OIE ប្រចាំតំបន់, 2- Dr. Julie Punderson. ទីប្រឹក្សាឯករាជ្យ ក្នុងការវាយតម្លៃ ផ្នែកច្បាប់, 3- Dr. P.V.K. Sridhar ជាសាស្រ្តាចារ្យ និងនាយកលាសាផ្សព្វផ្សាយ និងការអភិវឌ្ឍ នៅសកលវិទ្យាល័យប្រជាជនឥណ្ឌា) ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងធ្វើសេចក្តីរាយការណ៍ អំពីគោលបំណងនិងលទ្ធផលនៃការសិក្សាស្រាវជ្រាវ ក្នុងដំណើរបេសកកម្មរយៈពេល ពីរសប្តាហ៍នៅកម្ពុជា ចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃ១៦ខែ ឧសភា ទាក់ទងទៅនឹងការគ្រប់គ្រងសុខភាពសត្វ រួមទាំងការផ្តល់សេវាសុខភាពសត្វ ការបញ្ជាក់អនាម័យសម្រាប់ការធ្វើពាណិជ្ជកម្មសត្វ ផលិតផលសត្វ និងការលើកទឹកចិត្តដល់ការវិនិយោគឧស្សាហកម្មសត្វ និងកែច្នៃ ហើយនិងការអនុវត្តបទដ្ឋានគតិយុត្តបសុព្យាបាលកំពុងមានជាធរមាននាពេលបច្ចុប្បន្ន នៅកម្ពុជា ។ សូមបញ្ជាក់ថាបេសកកម្មនៃការសិក្សា និងវាយតម្លៃនាពេលនេះគឺធ្វើឡើងដើម្បីវាយតម្លៃជាទូទៅ រួមជាមួយនឹងការបូកសរុបលទ្ធផលនៃដំណើរបេសកកម្មកាលពីថ្ងៃទី ២៩ មករា ដល់ថ្ងៃ 0២ កុម្ភៈ ឆ្នាំ២០១៧ ដែលដឹកនាំដោយលោកស្រី Dr. Julia Rogerនិង Dr. Rymond Briscoe ទាក់ទងទៅនឹងប្រព័ន្ធគតិយុត្តបសុព្យាបាលនៅកម្ពុជា ដោយអនុលោម ទៅតាមបទដ្ឋានគតិយុត្តសុខភាពសត្វ ពិភពលោក ដែលប្រទេសកម្ពុជាបានទទួលក្រុមបេសកកម្មនេះ អាចចាត់ទុកថា ជាបេសកកម្មតំបូងគេបង្អស់នៅក្នុងតំបន់អាស៊ី ។ ជាពិសេស បេសកកម្មនេះ គឺពិតជាមានសារសំខាន់ចំពោះកម្ពុជា ដែលឆ្លងតាមការវាយតម្លៃនៃក្រុមបេសកកម្មនេះ កម្ពុជាសង្ឃឹមថានឹងទទួលបានការគាំទ្រ និងទទួលស្គាល់ក្នុងការធ្វើសមហរណកម្ម សុខភាពសត្វ និងផលិតកម្ម រួមទាំងការបញ្ជាក់វិញ្ញបនប័ត្របសុព្យាបាល និងលក្ខខ័ណ្ឌអនាម័យ ក្នុងការធ្វើពាណិជ្ជកម្មសត្វនិងផលិតផលសត្វ ក្នុងតំបន់ និងអន្តរជាតិ។ ទន្ទឹមនឹងនេះក្រុមបេសកកម្មនឹងផ្តល់របាយការណ៍ផ្លូវការលើការសិក្សានេះ ដើម្បីធ្វើជាមូលដ្ឋានក្នុងការកសាងផែនការសម្រាប់ធ្វើការអភិវឌ្ឍអនុវិស័យសុខភាពសត្វ និងផលិតកម្ម និងអាចប្រើប្រាស់សម្រាប់កៀរគរជំនួយ និងសម្រាប់ធ្វើការអភិវឌ្ឍសេវាសុខភាពសត្វនិងផលិតកម្មសត្វ នៅកម្ពុជា។