នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបពិភាក្សាការងារជាមួយប្រតិភូ US ASEAN Business Council ដែលមានតំណាងមកពីក្រុមហ៊ុន០៨ ចូលរួម។ គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីជំរុញការធ្វើធុរកិច្ចនិងការការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។ តំណាងក្រុមហ៊ុនទាំងអស់បានបង្ហាញពីបំណងប្រាថ្នាក្នុងការបង្កើនការធ្វើអាជីវកម្ម លើផ្នែកសេវាកម្មបច្ចេកទេសទំនើប ការបង្កើនពាណិជ្ជកម្មលើធាតុចូលកសិកម្ម ការផ្តល់បច្ចេកទេសចិញ្ចឹមសត្វ រួមនឹកការវិនិយោគលើការផលិតចំណីសត្វនៅកម្ពុជា។
ជាការឆ្លើយតបទៅនឹងគោលបំណងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការអរគុណដល់ក្រុមហ៊ុនទាំងអស់ ដែលមានបំណងបង្កើនការបណ្តាក់ទុនវិនិយោគលើវិស័យកសិកម្ម និងបានស្នើឱ្យ ក្រុមហ៊ុនធ្វើការទំនាក់ទំនងដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំនៃអង្គភាពជំនាញរបស់ក្រសួង ដើម្បីទទួលបាននូវព័ត៌មានជាក់លាក់ សម្រាប់កិច្ចវិនិយោគលើផ្នែកកសិកម្ម។ បន្ថែមលើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញអំពីសក្តានុពលផលិតនិងនាំចេញរបស់កម្ពុជា សម្រាប់ជាមូលដ្ឋានដល់ក្រុមហ៊ុនធ្វើការពង្រីកធុរកិច្ចនៅកម្ពុជា។ ប្រតិភូ US ASEAN Business Council បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី ដែលបាន ឆ្លៀតឱកាសដ៏មមាញឹក ដើម្បីបកស្រាយពន្យល់ពីឱកាសវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា ដល់តំណាងក្រុមហ៊ុនទាំងអស់ និងបានសន្យាថានឹងធ្វើការចុះសិក្សាជាក់ស្តែង ដើម្បីបង្កើនការវិនិយោគក្នុងប្រទេសកម្ពុជា។