នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម FANG Chunming អនុប្រធានគណៈកម្មាធិការកណ្តាលសភាប្រជាជនខេត្តក្វាងស៊ី នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយចំពោះកិច្ចប្រជុំ ដែលនឹងជំរុញកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ កម្ពុជា-ចិន កាន់តែទទួលបានភាពជោគជ័យល្អប្រសើរ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការល្អ គឺជាកិច្ចសហប្រតិបត្តិការគោរពគ្នាទៅវិញទៅមក និងដើម្បីផលប្រយោជន៍រួមគ្នា។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី កម្ពុជាមានផលិតផលសក្តានុពលជាច្រើនដូចជាស្វាយ ស្វាយចន្ទី អង្ករ និងកៅស៊ូ ដែលវិនិយោគិនចិនអាចសិក្សា និងពិនិត្យលទ្ធភាពក្នុងការកែច្នៃសម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារអន្តរជាតិ ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់ និងផលប្រយោជន៍រួមគ្នា ទាំងសេដ្ឋកិច្ច និងនយោបាយ។
ឯកឧត្តមរដ្ឋមន្ដ្រីក៏បានលើកឡើងផងដែរអំពី «ច្រករបៀងមច្ឆានិងអង្ករ» ដែលរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាប៉ូលសេដ្ឋកិច្ចទី៤ រួមមានខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តបៃលិន។ ខេត្តទាំង៤នេះ មានសក្ដានុពលសម្រាប់វិស័យកសិកម្ម ដោយចំពោះដំណាំស្រូវ និងធនធានជលផលជាដើម។
តាមរយៈច្រករបៀងមច្ឆានិងអង្ករនេះ ភាគីទាំងពីរ បានឯកភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ កសិ-ពាណិជ្ជកម្ម កម្ពុជា-ក្វាងស៊ី ឱ្យមានសកម្មខ្លាំងក្លាបន្ថែមទៀត ជាពិសេសជំរុញឱ្យមានការចុះ MoU ជាមួយគ្នានាមុខ។ និងថា កម្ពុជាបើកទូលាយ និងត្រៀមខ្លូនជានិច្ចក្នុងការទទួលអ្នកវិនិយោគចិន ដែលមានបំណងដាក់ទុនវិនិយោគនៅកម្ពុជាលើការកែច្នៃផលិតផលកសិកកម្មប្រកបដោយគុណភាពសម្រាប់នាំចេញ ដើម្បីផលចំណេញ ទាំងសម្រាប់កសិករ អ្នកវិនិយោគ និងដើម្បីកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ៕