នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាង ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
កិច្ចប្រជុំនេះ ធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)។
អង្គប្រជុំបានពិភាក្សាពិនិត្យលើវឌ្ឍនភាពការងារ នៃការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនាពេលកន្លងមក និងដាក់ទិសដៅការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្លើយតបទៅនឹងគោលដៅដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ របស់រដ្ឋសភា។
កិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ដែលជាថ្នាក់ដឹកនាំ និងសមាជិកនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាច្រើនរូបទៀតផងដែរ៕