ចាប់ពីថ្ងៃអង្គារ ៥រោច ខែពិសាខ ដល់ថ្ងៃអង្គារ ៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ លោក ផុន រិណុ ប្រធានការិយាល័យគ្រប់គ្រងការកែច្នៃ នៃនាយកដ្ឋានកសិ-ឧស្សាហកម្ម បានដឹកនាំមន្ដ្រីចំនួន ១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យកសិកម្មសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ (Training course on Information Technology Application in Agriculture for Developing Countries) តាមរយៈប្រព័ន្ធរលកសម្លេង និងវីដេអូពីចម្ងាយ (Zoom) រយៈពេល ១៥ថ្ងៃ ដែលរៀបចំដោយសកលវិទ្យាល័យកសិកម្មណានជីង (Nanjing Agriculture University) នៃសាធារណៈរដ្ឋប្រជាមានិតចិន។ សូមបញ្ជាក់ផងដែរថា នាយកដ្ឋានកសិ-ឧស្សាហកម្ម បានចុះកិច្ចព្រមព្រៀងជាមួយនឹងសកលវិទ្យាល័យកសិកម្មណានជីង ក្នុងឆ្នាំ២០១៩ មុនការផ្ទុះរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងពេលនោះដែរមន្ដ្រីជំនាញរបស់សកលវិទ្យាល័យកសិកម្មណានជីង បានមកធ្វើជាអ្នកជំនាញការជាន់ខ្ពស់កសិកម្ម នៅនាយកដ្ឋានកសិ-ឧស្សាហកម្ម រយៈពេល ០៦ខែ តាមរយៈគម្រោងរបស់ក្រសួងកសិកម្ម និងកិច្ចការអភិវឌ្ឍន៍ជនបទ (Ministry of Agriculture and Rural Affairs) នៃសាធារណៈរដ្ឋប្រជាមានិតចិន។