នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមប្រជុំពិភាក្សាលើការងារស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការបង្កើតបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា ដែលជាគ្រឹះស្ថានសាធារណៈរដ្ឋបាល មានតួនាទីសំខាន់ណាស់ក្នុងការស្រាវជ្រាវ និងវិភាគ ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅកម្ពុជា។
ជាយន្តការ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យរៀបចំរចនាសម្ព័ន្ធឱ្យបានត្រឹមត្រូវ មានធនធានមនុស្សនិងថវិកា ដើម្បីដំណើរការ ដោយមិនបង្កើតការិយាធិបតេយ្យ និងមិនបង្កើនការចំណាយ តែមានលទ្ធភាពរកចំណូល និងមានប្រសិទ្ធភាពបំផុត។
សូមជម្រាបជូនថា បណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ថ្នាក់ស្មើអគ្គនាយកដ្ឋាន ដែលដឹកនាំដោយក្រុមប្រឹក្សាភិបាល មានអង្គភាពចំណុះចំនួន៨ ដោយក្នុងនោះមានអង្គភាពដែលមានស្រាប់ចំនួន៧ និងអង្គភាពបង្កើតថ្មីចំនួន១៕