នៅព្រឹកថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងសុវត្ថិភាពចំណីអាហារ និងបច្ចេកទេសខ្សែសង្វាក់ផលិតកម្មផលិតផលកសិកម្មទំនើបនៅប្រទេសកម្ពុជាឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក គង់ ភាជ ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម និងលោកស្រី LUO YANQIN នាយកនៃវិទ្យាស្ថានជាតិចិនស្រាវជ្រាវ លើឧស្សាហកម្មអាហារ និងអាហារឡើងមេ។ ក្នុងនោះដែរលោកស្រី LUO YANQIN បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនាយកដ្ឋានកសិ-ឧស្សាហកម្ម និងអ្នកសម្របសម្រួលក្នុងវគ្គបណ្តុះបណ្តាលនេះ ដែលបានយកចិត្តទុកដាក់ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើងប្រកបដោយជោគជ័យ លើសពីនេះទៅទៀតលោកស្រីនាយក ក៏បានថ្លែងអំណរគុណដល់សិក្ខាកាមទាំងមូលដែលបានយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ ដើម្បីបង្កើនចំណេះដឹងបន្ថែម និងទទួលនូវបទពិសោធន៍ល្អៗយកមកអនុវត្តន៍តាមអង្គភាពនីមួយៗ។ លើសពីនេះទៅទៀត លោកប្រធាន គង់ ភាជ បានមានមតិស្វាគមន៍ និងសូមថ្លែងអំណរគុណដល់វិទ្យាស្ថានជាតិចិនស្រាវជ្រាវ លើឧស្សាហកម្មអាហារ និងអាហារឡើងមេ ជាពិសេសលោកស្រីនាយក និងសហការីទាំងអស់ ដែលបានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង និងថ្លែងអំណរគុណចំពោះក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានឧបត្ថម្ភ នៅក្នុងវគ្គ បណ្តុះបណ្តាលនេះ ហើយលោកប្រធានសង្ឃឹមថាភាគីចិននឹងបន្តការសហការ និងមានចំណងមិត្តភាពល្អ រវាងកម្ពុជា-ចិន ដើម្បីរៀបចំអោយមានជាវគ្គបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ល្អៗសម្រាប់យកមកអភិវឌ្ឍន៍វិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជ។ ជាទីបញ្ចប់លោកប្រធានបានជូនពរដល់លោកស្រីនាយក និងសហការីទាំងអស់ ពេលវិលត្រឡប់ទៅកាន់ប្រទេសវិញ សូមអោយជួបតែសំណាងល្អ សុខសុវត្ថិភាពក្នុងការហោះហើរ និងទទួលជោគជ័យគ្រប់ភារកិច្ច៕