សាលាដ៏ជាដំណាំ ដែលប្រជាជនខ្មែរយើងនិយមដាំដុះជាលក្ខណៈអាជីវកម្ម គេអាចធ្វើការដាំដុះបានពេញមួយឆ្នាំ អាស្រ័យលើប្រភេទពូជ បច្ចេកទេសដាំដុះ និងលក្ខខ័ណ្ឌទីកន្លែងដាំដុះ។ រដូវកាលដែលសមស្របបំផុតសម្រាប់ការលូតលាស់របស់ដំណាំនេះ គឺនៅរដូវត្រជាក់ ពីខែវិច្ឆិកា ដល់ខែកុម្ភៈ ដោយឡែកចំពោះពូជទំនើបគេអាចដាំដុះនិងទទួលបានទិន្នផលល្អនៅរដូវរំហើយតែប៉ុណ្ណោះ។
សាលាដ៏លា ឬក្រញ៉ាញ់ ត្រូវបានគេនិយមដាំច្រើនជាងគេ ដោយសារតែពូជនេះអាចដាំដុះបានពេញមួយឆ្នាំ និងទទួលបានផលលឿនត្រឹមតែរយៈពេលពី ២៥-៣០ថ្ងៃ និងទទួលបានតម្លៃល្អនៅលើទីផ្សារផងដែរ។ ដំណាំសាលាដ៏ ជាប្រភេទដំណាំមានពណ៌បៃតងស្រស់ រស់ជាតិស្រួយ វាផ្តល់នូវវីតាមីនអា វីតាមីនសេ បេ១ និងបេ២ សំបូរជាតិកាល់ស្យូម សម្រាប់ជួយបំប៉នទ្រទ្រង់ និងចិញ្ចឹមសារពាង្គកាយមនុស្សយើងផងដែរ។
ក្រៅពីពូជសាលាដ៏លា និងសាលាដ៏ក្រញ៉ាញ់ដែលគេនិយមដាំ បច្ចុប្បន្នគេក៏ឃើញមានពូជសាលាដ៏បរទេសដែលបាននាំចូលមកដាំដុះនៅប្រទេសកម្ពុជាផងដែរ កសិករទូទៅហៅថាសាលាដ៏ស្រួយ ឬសាលាដ៏អ៊ឺរ៉ុប (Green Leaf, Red Leaf, Lolo Rossa, Romaine, Green Oakleaf, Red Oakleaf)។
ចំពោះតម្លៃបោះដុំសាលាដ៏វិញមានការប្រែប្រួលខ្លាំងក្នុងរយៈពេល៥ខែចុងក្រោយ នៃឆ្នាំ២០២៣នេះ ឃើញថាតម្លៃទាបបំផុតគឺ ១០០០រៀល/១គីឡូក្រាម និងខ្ពស់បំផុត ៨០០០រៀល/១គីឡូក្រាម ដែលតម្លៃភាគច្រើនគឺនៅចន្លោះពី ២៥០០រៀល ទៅ ៥០០០រៀល/គីឡូក្រាម។ ប៉ុន្តែបើយើងគិតរយៈពេល ៦ឆ្នាំចុងក្រោយចាប់ពីឆ្នាំ២០១៨មក តម្លៃសាលាដ៏ធ្លាក់ថ្លៃដល់ទៅ ៥០០រៀលក្នុងមួយគីឡូក្រាម និងតម្លៃឡើងខ្ពស់បំផុតគឺ ១២ ០០០រៀលក្នុងមួយគីឡូក្រាម។
តំណភ្ជាប់ទាញយកឯកសារ (PDF)៖ https://elibrary.maff.gov.kh/books/5b7ccbbf6d6ac