នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមការងារព័ត៌មានរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការងារផ្សព្វផ្សាយ ចាំបាច់ត្រូវមានការសហការគ្នា យល់ពីគ្នា មានការគ្រប់គ្រងច្បាស់លាស់ មានភាពម្ចាស់ និងការទទួលខុសត្រូវ មុននឹងចេញផ្សព្វផ្សាយ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានច្បាស់លាស់ និងស៊ីជម្រៅ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា វិស័យកសិកម្មគឺជាវិស័យអាទិភាពមួយ។ ដូច្នេះ ទំហំនិងកម្រិតនៃខ្លឹមសារសម្រាប់ផ្សព្វផ្សាយ ចាំបាច់ត្រូវបញ្ជ្រាបឱ្យបានស៊ីជម្រៅដល់ប្រជាពលរដ្ឋ។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី គោលនយោបាយបាយអាទិភាពនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ទី៥ និងទី៦ ជាចំណុចស្នូលនៃការអភិវឌ្ឍវិស័យកសិកម្ម រួមមាន ការបញ្ចុះថ្លៃដើមផលិត ដើម្បីជំរុញការនាំចេញនិងប្រកួតប្រជែងលើទីផ្សារ ការជំរុញសហគមន៍កសិកម្មគម្រូថ្មី និងការដាក់ពង្រាយមន្ដ្រីកសិកម្មឃុំ ដែលនឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់កសិករ។
សូមជម្រាបជូនអំពីគោលនយោបាយទី៥ និងទី៦ គឺគោលនយោបាយទី៥៖ ប្រជាកសិករនឹងទទួលបាននូវការគាំពារតាមរយៈការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន (ការផ្ដល់ប្រាក់កម្ចីដើម្បីប្រកបមុខរបរកសិកម្ម) ជាពិសេស គឺទទួលបាននូវការការពារតម្លៃកសិផលឱ្យបានសមរម្យ ដោយមិនឱ្យកសិករខាតបង់ឡើយ។ ទី៦៖ រាជរដ្ឋាភិបាលនឹងបញ្ជូនមន្ត្រីបច្ចេកទេសកសិកម្មទៅជួយកសិករនៅគ្រប់ឃុំ-សង្កាត់ដែលមានពលរដ្ឋប្រកបរបរកសិកម្ម និងបង្កើតសហគមន៍កសិករនៅទូទាំងប្រទេសដើម្បីការពារផលប្រយោជន៍របស់កសិករ៕