នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមកិច្ចប្រជុំស្តីពីការការពារគម្រោងដែលស្នើទៅរដ្ឋាភិបាលអាល្លឺម៉ង់ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានពិនិត្យលើគម្រោងសំណើចំនួន ១១ ដែលស្នើទៅរដ្ឋាភិបាលអាល្លឺម៉ង់ក្នុងនោះក្របខណ្ឌដំណាំកសិកម្មមានចំនួន ៨គម្រោង ក្របខណ្ឌកៅស៊ូចំនួន ២គម្រោង និងក្របខណ្ឌសុខភាពសត្វនិងបសុព្យាបាលចំនួន ១គម្រោង។ ទាក់ទងនឹងការរៀបចំគម្រោងសំណើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារត្រូវយកចិត្តទុកដាក់សហការគ្នាឱ្យបានល្អ ធ្វើការវិភាគ និងពិនិត្យឱ្យបានល្អិតល្អន់លើគម្រោងសំណើនេះ ដើម្បីការអនុវត្តមានប្រសិទ្ធភាព និងនិរន្តរភាព ដោយក្នុងនោះត្រូវគិតគូដល់ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្សដែលមានជំនាញច្បាស់លាស់ ការចុះបញ្ជីពូជ SPS និងត្រូវពិនិត្យលទ្ធភាពបន្ថយចំណាយណាដែលមិនចាំបាច់ ដែលកសិករអាចបន្តសកម្មភាពបានពេលគម្រោងបញ្ចប់។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី គឺចង់ជំរុញឱ្យគម្រោងនៃអនុវិស័យសត្វ ដំណាំ និងដំណាំឧស្សាហកម្មទាំងនេះលេចចេញជារូបរាងឡើង តែទោះជាយ៉ាងណាត្រូវពិនិត្យលើការប្រើប្រាស់ថវិកាឱ្យចំទិសដៅ ឱ្យមានប្រសិទ្ធភាពសេដ្ឋកិច្ច និងមាននិរន្តរភាព ដោយមិនប៉ះពាល់ដល់បរិស្ថាន៕