នៅរសៀលថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារនិងអភិវឌ្ឍវិស័កសិកម្ម និងជនបទ អមដំណើរដោយឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ចើញចុះពិនិត្យស្ថានភាពបង្ករបង្កើនផលស្រូវ ឃ្លាំងស្តុក និងឡសំងួតស្រូវរបស់ក្រុមហ៊ុន LBN Rice Co., Ltd នៅស្រុកស្ទោង ខេត្តកំពង់ធំ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រួមជាមួយឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវសេចក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃ ខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនដែលបានបោះទុនវិនិយោគដាំដុះស្រូវរំដួលលើផ្ទៃដីជាង ២.៥០០ ហត ធ្វើទំនើបកម្មកសិកម្មតាមរយៈសាងសង់ហេដ្ឋារចនាសម្ព័ន្ធដូចជា ឃ្លាំងស្តុកស្រូវ ឡសំងួត ប្រព័ន្ធធារាសាស្ត្របានយ៉ាងល្អប្រសើរ។ សូមបញ្ជាក់ថា ឃ្លាំងស្តុកស្រូវរបស់ក្រុមហ៊ុនមានលទ្ធភាពស្តុករហូតដល់ទៅជាង ៤០ពាន់តោន និងអាចសំងួតស្រូវបានប្រមាណជា ៥០០តោនក្នុង១ថ្ងៃ ដោយត្រូវការពលករជាង ៥០០នាក់ក្នុង១ថ្ងៃ។ នាក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំដល់ក្រុមហ៊ុនបន្តសហការជាមួយមន្ទីរកសិកម្មខេត្ត ដើម្បីបង្កើនសមត្ថភាពប្រជាកសិករឲ្យយល់ច្បាស់ពីការធ្វើទំនើបកម្មកសិកម្ម ផលិតកម្មតាមកិច្ចសន្យារវាងភាគីពាក់ព័ន្ធ និងផ្តល់ពូជស្រូវសុទ្ធ ធ្វើយ៉ាងណាដើម្បីបង្កើនជំនឿទុកចិត្តពីអ្នកបញ្ជាទិញ និងចូលរួមចំណែកបង្កើនផលិតភាពផលិតកម្ម បង្កើនចំណូលជូនប្រជាកសិករ និង លើកស្ទួយសេដ្ឋកិច្ចជាតិ។