នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងសហការី បានចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ឡសម្ងួតនិងឃ្លាំងស្តុកស្រូវកម្ពុជា កូរ៉េ ស្ថិតនៅក្នុងឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងឯកឧត្តម Oh Nak Young ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ។ សូមបញ្ជាក់ថា គម្រោងឡសម្ងួតនិងឃ្លាំងស្តុកស្រូវកម្ពុជា កូរ៉េ ដែលបានកសាងលើផ្ទៃដី ១៩៩៥ ម៉ែត្រការ៉េ ត្រូវបានចំណាយអស់ថវិកាប្រមាណជា ២,៨ លានដុល្លារអាមេរិក មានឡសម្ងួតមានសមត្ថភាពសម្ងួតស្រូវ ៨០ តោនក្នុងមួយថ្ងៃ និងឃ្លាំងស្តុកស្រូវចំណុះ ៦០០ តោន ជាផ្នែកមួយនៃគម្រោងជំនួយឥតសំណងរបស់រដ្ឋាភិបាលកូរ៉េ តាមរយៈសាជីវកម្មសហគមន៍ជនបទកូរ៉េ នៃក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការអភិវឌ្ឍន៍ជនបទកូរ៉េ ដើម្បីផ្តល់ជាផលប្រយោជន៍វិជ្ជមានដល់វិស័យកសិកម្មកម្ពុជាតាមរយៈការផ្តល់មធ្យោបាយសម្ងួតនិងរក្សាទុកស្រូវសមស្របមួយ និងបច្ចេកទេសគ្រប់គ្រងក្រោយពេលប្រមូលផលនៅនឹងមូលដ្ឋាន ក្នុងគោលបំណងបង្កើនតម្លៃបន្ថែមនៃស្រូវនិងបង្កើនប្រាក់ចំណូលដល់កសិករនៅក្នុងសហគមន៍កសិករនៅក្នុងស្រុកបាធាយ សម្រាប់រយៈពេលវែង ។