នាព្រឹកថ្ងៃពុធ ១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ប្រតិភូសវនកម្ម ដឹកនាំដោយលោក ផេង សុភ័ក្រ អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្តើមចុះធ្វើសវនកម្មតាមផែនការសវនកម្មផ្ទៃក្នុង ឆ្នាំ២០១៨ ដែលទទួលបានការយល់ព្រមពីឯកឧត្តមរដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើគម្រោងអនុវិស័យជលផល នៃកម្មវិធីជម្រុញកំណើនវិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាបន្ន នៅរដ្ឋបាលជលផល។
គោលបំណងសវនកម្មរួមគឺវាយតម្លៃ និងធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃដំណើរការគ្រប់គ្រងហានិភ័យ ដំណើរការត្រួតពិនិត្យ និងដំណើរការអភិបាលកិច្ច ក្នុងវិសាលភាពគ្របដណ្តប់សកម្មភាពគ្រប់គ្រង និងប្រតិបត្តិការទាំងឡាយ។ ជាទូទៅការងារសវនកម្មបានផ្តោតទៅលើការបញ្ជាក់ថាប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងផ្តល់នូវការធានាសមហេតុផល មួយសំដៅសម្រេចបាននូវគោលបំណងដូចខាងក្រោម៖
- គោលបំណងប្រតិបតិ្តការ : ការសម្រេចបានប្រកបដោយប្រសិទ្ធភាពនៃគោលបំណងធុរកិច្ច
- គោលបំណងព័ត៌មាន : ភាពជឿទុកចិត្ត និងភាពពេញលេញ នៃព័ត៌មានផ្នែកហិរញ្ញវត្ថុ ដែលប្រើប្រាស់ដោយថ្នាក់ដឹកនាំ និង
- គោលបំណងអនុលោមភាព : អនុលោមជាមួយច្បាប់ បទប្បញ្ញត្តិ គោលការណ៍ នីតិវិធីជាធរមាន។
ហានិភ័យគន្លឹះ៖
- ហានិភ័យប្រតិបតិ្តការ : ជាហានិភ័យលើការបាត់បង់ ដែលជាលទ្ធផលបរាជ័យនៃដំណើរការមនុស្ស និងប្រព័ន្ធ ឬហេតុការណ៍ពីខាងក្រៅ
- ហានិភ័យហិរញ្ញវត្ថុ : ជាលទ្ធភាពដែលព័ត៌មានផ្នែកហិរញ្ញវត្ថុត្រូវបានរៀបចំឡើងមិនត្រឹមត្រូវ ធ្វើឲ្យការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំពុំសមស្រប និង
- ហានិភ័យអនុលោមភាព : ជាលទ្ធភាពដែលសកម្មភាពមិនអនុលោមតាមច្បាប់ និងបទប្បញ្ញតិ្ត។