នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម អុឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពង់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាមក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៤ ដែលមានការចូលរួមពីមន្ដ្រីក្រោមឱវាទនៃក្រសួងជិត៣០០នាក់ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ សមាជិក សមាជិកា ស.ស.យ.ក ទាំងអស់ដែលបានស្ម័គ្រចិត្តក្នុងការចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថាការចូលរួមបរិច្ចាគឈាមដោយការស្ម័គ្រចិត្ត គឺជាការរួមគ្នាធ្វើអំពើល្អ ដើម្បីរួមចំណែកជាមួយការងារសង្គមជាតិក្នុងសកម្មភាពមនុស្សធម៌ដោយសុឆន្ទៈក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ មានទំនុកចិត្តទាំងស្រុង និងបានលើកទឹកចិត្តដល់មន្ត្រីរាជការ និងយុវជនទាំងអស់បន្តសកម្មភាពចូលរួមបរិច្ចាគឈាមបន្ថែមទៀត បន្តឱ្យក្លាយជាទម្លាប់នៃការបរិច្ចាគឈាមដោយការស្ម័គ្រចិត្ត និងមិនគិតកម្រៃ ដែលជាវប្បធម៌មនុស្សជាតិ និងមនុស្សធម៌នៅក្នុងសង្គមជាតិ។
ជាទីបញ្ចប់ តាំងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋលេខាធិការ សូមជូនពរថ្នាក់ដឹកនាំ មន្រ្តីរាជការ និងសមាជិក សមាជិកា ស.ស.យ.ក ទាំងអស់ដែលបានចូលរួមរបរិច្ចាគឈាមក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៤ និងថ្លែងអំណរគុណដល់លោក លី សុវិទ្យ អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបានសហការយ៉ាងជិតស្និតក្នុងការរៀបចំកម្មវិធីឡើង ដើម្បីលើកកម្ពស់ការបរិច្ចាគឈាមដោយការស្ម័គ្រចិត្ត និងមិនគិតកម្រៃដល់ជនរងគ្រោះដោយក្តីសប្បុរស៕