នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (ស្ទឹងមានជ័យ)។
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តការងារ និងសម្រេចជោគជ័យតាំងពីថ្នាក់ដឹកនាំរហូតថ្នាក់ក្រោម។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីគោលនយោបាយដែលចាំបាច់ត្រូវធានាសន្តិសុខស្បៀង និងរក្សានិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ផលិតកម្ម និងសុខភាពមានការផ្សារភ្ជាប់គ្នា ដែលទាមទារឱ្យមានការគិតគូរលើការធានាគុណភាព សាច់ និងសុវត្ថិភាពសម្រាប់អ្នកបរិភោគ។
បើតាម ឯកឧត្តមរដ្ឋមន្រ្តី គោលនយោបាយអាទិភាពទី៥ និងទី៦ គឺជាត្រីវិស័យក្នុងជំរុញគោលនយោបាយកសិកម្មឈានទៅរកភាពជោគជ័យ ធានាស្ថិរភាពតម្លៃ តាមរយៈការជំរុញសហគមន៍កសិកម្មទំនើបដែលបម្រើឱ្យវិស័យកសិកម្មទាំងមូល ព្រមជាមួយយន្តការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំឱ្យចំទិសដៅ និងដល់មូលដ្ឋានដើម្បីជួយដល់កសិករទាំងបច្ចេកទេស ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំយកចិត្តទុកដាក់ សហការ ធ្វើការជាមួយគ្នាឱ្យបានល្អ ត្រូវមានការសិក្សានិងវាយតម្លៃច្បាស់លាស់ទាំងទិដ្ឋភាពបច្ចេកទេស ច្បាប់ និងនយោបាយ។ លើសពីនេះទៀត ត្រូវមានផែនការជាក់លាក់ ស្របតាមយន្តការគោលនយោបាយ និងការពិនិត្យតាមដានទៀងទាត់ ការកាត់បន្ថយថ្លៃដើមផលិត សំដៅផ្តល់ផលចំណេញដល់កសិករ និងមិនមានបង្កើតបញ្ហាថ្មី ឬផលប៉ះពាល់ផ្សេងៗដល់សុខភាពអ្នកបរិភោគ និងសន្តិសុខស្បៀងទាំងក្នុងស្រុក និងការនាំចេញ៕