ពោតបារាំង ឬហៅថាអូក្រា មានឈ្មោះជាភាសាបរទេសថា Okra ឬ Ladies’ Finger។ វាត្រូវបានដាំដុះច្រើនជាងគេនៅតំបន់ត្រូពិចនៅជុំវិញពិភពលោក ដែលមានបរិមាណផលប្រមាណ ១០.៥លានតោនក្នុងមួយឆ្នាំ លើផ្ទៃដីដាំដុះប្រហែល ២.៥លានហិកតា ដែល ៦០.៤ភាគរយ ដាំដុះនៅប្រទេសឥណ្ឌា។ នេះបើយោងតាមរបាយការណ៍របស់ FAO ក្នុងឆ្នាំ២០២០។
ពោតបារាំងដែលកំពុងដាំដុះនៅក្នុងប្រទេសកម្ពុជាយើងមានច្រើនពូជ។ ផ្លែពោតបារាំងមាន ៣ពណ៌ខុសគ្នាៗ គឺពណ៌បៃតងខ្ចី ពណ៌បៃតងចាស់ និងពណ៌ស្វាយ ដែលមានការដាំដុះតិចតួចនៅឡើយ។
ដំណាំនេះមានភាពធន់នឹងការរាំងស្ងួតខ្លាំង មិនរើសដី ត្រូវការទឹកតិច មិនត្រូវការជីបំប៉នច្រើន មានដំណុះខ្ពស់ ងាយស្រួលដាំដុះ និងថែទាំ មិនសូវមានការបំផ្លាញពីជំងឺ និងកត្តាចង្រៃផ្សេងៗទេ។
ជាទូទៅ កសិករដាំពោតបារាំងដោយកប់គ្រាប់ផ្ទាល់ទៅក្នុងរណ្តៅដែលបានទ្រាប់បាតដោយជីរួចរាល់ ប៉ុន្តែមុនពេលដាំ គ្រាប់ពូជត្រូវដាស់ដំណេកដោយការត្រាំទឹកក្តៅអ៊ុនៗជាមុនសិន ព្រោះថា ការធ្វើបែបនេះ គ្រាប់នឹងមានដំណុះល្អ ហើយចំណេញពេលវេលា។
គេអាចប្រមូលផលពោតបារាំងនៅអាយុ ពី៥០ទៅ៦០ថ្ងៃ ក្រោយពេលដាំ និងបន្តប្រមូលផលជាបន្តបន្ទាប់រហូតអស់ផ្លែ។ ផ្លែពោតបារាំងងាយទៅជាចាស់ ដូច្នេះការប្រមូលផលត្រូវធ្វើឱ្យបានទៀតទាត់ ជារៀងរាល់ថ្ងៃ ឬមួយថ្ងៃខានមួយថ្ងៃ ព្រោះបើប្រមូលផលមិនទាន់ ផ្លែនឹងទៅជារឹង មិនអាចលក់នៅលើទីផ្សារបានទេ៕