នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Ericaa Balzarelli ទីប្រឹក្សាជាន់ខ្ពស់ នៃកម្មវិធី CASA/UK Aid ស្តីពីខ្សែច្រវាក់ផលិតកម្ម និងចែកចាយពូជស្រូវនៅកម្ពុជា តាមរយៈក្រុមហ៊ុន ប៊ី អ អិម អាហ្គ្រោ ឯ.ក នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បន្ទាប់ពីទទួលស្តាប់ការធ្វើបទបង្ហាញអំពីវត្តមានរបស់គម្រោង CASA នៅកម្ពុជាតាមរយៈក្រុមហ៊ុន ប៊ី អ អិម អាហ្គ្រោ ឯ.ក ឯកឧត្តមរដ្ឋមន្រ្តី បានទទួលស្វាគមន៍ និងផ្តល់អនុសាសន៍ឱ្យមានការសហការជាមួយក្រុមហ៊ុនឱ្យមានប្រសិទ្ធភាព ជាពិសេសការអនុវត្តគម្រោងស្របតាមគោលនយោបាយអាទិភាពរបស់រដ្ឋាភិបាលកម្ពុជា។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកំពុងជំរុញការចងក្រងសហគមន៍កសិកម្មតាមគម្រូថ្មី ដើម្បីបង្កើនភាពប្រកួតប្រជែងផ្នែកខាងលើនៃច្រវាក់ផលិតកម្ម Upstream និងស្វាគមន៍ដៃគូអភិវឌ្ឍនិងអ្នកវិនិយោគក្នុងការចូលរួមជំរុញខ្សែច្រវាក់ផលិតកម្ម Downstream ក្នុងការកែច្នៃផលិតផលកសិកម្មសម្រាប់នាំចេញ៕