នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ Dr. Jongsoo Shin នាយកប្រចាំតំបន់អាស៊ីរបស់ IRRI នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការល្អរវាង IRRI និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិសេសកិច្ចការស្រាវជ្រាវអំពីពូជស្រូវ ស្របតាមគោលនយោបាយរបស់ក្រសួង។
សម្រាប់ការផ្តួចផ្តើមរបស់ IRRI អំពីពូជស្រូវមានជាតិស្ករទាបនៅកម្ពុជា (Low Glycemic Index – Low GI) ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ IRRI ឱ្យសហការជាមួយ CARDI និងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ហើយត្រូវសិក្សាវិភាគដោយត្រូវយកចិត្តទុកដាក់ទាំងការងារស្រាវជ្រាវពូជស្រូវ និងការអភិវឌ្ឍទីផ្សារ។ លើសពីនេះទៀត ត្រូវផ្តោតលើការអភិវឌ្ឍធនធានមនុស្ស ដែលជាទម្រង់នៃភាពជោគជ័យប្រកបដោយនិរន្តរភាព ពេលគម្រោងបិទបញ្ចប់។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី គម្រោងទាំងអស់ត្រូវគិតគូរលើសុខភាពប្រជាពលរដ្ឋ សុវត្ថិភាពសង្គម ធ្វើឱ្យកសិករមានចំណូលមានស្ថិរភាពសេដ្ឋកិច្ច និងនិរន្តរភាព៕