នៅរសៀល ថ្ងៃពុធ ០១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា គ.ស.២០១៨ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសមាគមសា្វយចន្ទីវៀតណាម ស្តីពី ការជំរុញផលិតកម្មដំណាំស្វាយចន្ទីនៅកម្ពុជាសម្រាប់ការនាំចេញ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និង លោក ង្វៀន ដុកថាញ់ ប្រធានសមាគមស្វាយចន្ទីវៀតណាមប្រចាំនៅកម្ពុជា ហើយក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម ហ័ង មិញ ឯកអគ្គរដ្ឋទូតរៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ថា អនុស្សារណៈយោគយល់គ្នានេះ មានគោលបំណង ជំរុញផលិតកម្មស្វាយចន្ទីនៅកម្ពុជា ការផ្ទេរបច្ចេកទេសប្រមូលផលនិងឃ្លាំងសម្ងួត ជំរុញការវិនិយោគ ការផ្សារភ្ជាប់រវាងអ្នកដាំទៅនឹងទីផ្សារ លើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ក្នុងន័យលើកកម្ពស់កម្រិតជីវភាពប្រជាកសិករ កាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីសោមន្សរីករាយ និងបានកោតសរសើរដល់សមាគមដែលបានខិតខំជំរុញឱ្យការរៀបចំ MOU នេះបានបញ្ចប់ទាន់ពេលវេលា ដែលសបញ្ជាក់ពីស្មារតីទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការឆ្លើយតបទៅនឹងសេចក្តីត្រូវការទីផ្សារដំណាំស្វាយចន្ទីរបស់ប្រជាកសិករកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា កាលពីឆ្នាំ២០១៦ កម្ពុជាមានលទ្ធភាពផលិតស្វាយចន្ទីបានប្រមាណ ១០៤ ០០០ តោន ហើយតាមរយៈអនុស្សារណៈយោគយល់គ្នានាពេលនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងព្យាយាមផ្សព្វផ្សាយដល់ប្រជាកសិករ និងក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ចទាំងឡាយឲ្យធ្វើការដាំដុះដំណាំស្វាយចន្ទី ហើយសង្ឃឹមថានាពេលខាងមុខនេះកម្ពុជានឹងមានលទ្ធភាពផលិតស្វាយចន្ទីបានគ្រប់ ១ លានតោន តាមតម្រូវការទីផ្សារ។ លោក ង្វៀន ដុកថាញ់ ក្នុងនាមសមាគមស្វាយចន្ទីរៀតណាម និងរដ្ឋាភិបាលសង្គមនិយមវៀតណាម លោក សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានគាំទ្រដល់កិច្ចសហការដល់សមាគមរបស់លោក និងបានបង្កបរិយាកាសវិនិយោគរបស់សមាគមនៅកម្ពុជាមានភាពល្អប្រសើរ និងកាន់តែមានភាពកក់ក្តៅ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្រ្តី និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានយកចិត្តទុកដាក់ទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអ្នកវិនិយោគទុនវៀតណាមនៅកម្ពុជា ហើយក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំក្រសួង ដែលបានយល់ច្បាស់ពីទុកលំបាករបស់ប្រជាកសិករនៅនឹងទីវាល។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម បានបញ្ជាក់ជូនថា រដ្ឋាភិបាលវៀតណាមមានជំនឿទុកចិត្តយ៉ាងមុតមាំទៅលើសមត្ថភាពរបស់សមាគមស្វាយចន្ទីវៀតណាម និងបានគាំទ្រដល់ការផ្ទេរបច្ចេកទេស និងពូជស្វាយចន្ទីវៀតណាមមកកម្ពុជាផងដែរ។ ជាមូយគ្នានេះ លោកឧកញ៉ា ឡេង ឫទ្ធី តំណាងសមាគមស្វាយចន្ទីវៀតណាមប្រចាំកម្ពុជា ក៏បានថ្លែងនូវចំណាប់អារម្មណ៍ និងថ្លែងអំណរគុណចំពោះការគាំទ្ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោកឧកញ៉ា បានជម្រាបជូនថា សមាគមនឹងចាប់ដៃគូសហការជាមួយក្រុមហ៊ុន សេវេនអេនជីគ្រុប នៅកម្ពុជា ដើម្បីធ្វើការដាំសាកល្បងនូវប្រភេទពូជស្វាយចន្ទីវៀតណាម នៅលើផ្ទៃដីប្រមាណ ៧ ហិកតា ដើម្បីជាការដាំបង្ហាញដល់ប្រជាកសិករ និងសម្រាប់ជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវពិសោធន៍ពូជស្វាយចន្ទីផងដែរ។ លោកឧកញ៉ា ក៏បានបង្ហាញពីភាពជឿជាក់ថា កម្ពុជាមានសមត្ថភាព និងសក្តានុពលគ្រប់គ្រាន់ក្នុងការផលិតស្វាយចន្ទីបាន ១ លានតោន ព្រោះកម្ពុជាជាប្រទេសដែលមានអំណោយផលទាំងធនធានទឹក និងដី។ ជាចុងក្រោយ លោកឧកញ៉ា ក៏សង្ឃឹមថាអនុស្សារណៈយោគយល់គ្នានេះ នឹងក្លាយទៅជាការអនុវត្តពិតប្រាកដក្នុងពេលដ៍ខ្លីខាងមុខនេះ។